Friday, December 23, 2016

រដ្ឋាភិបាល​សម្រេច​បន្ត​វត្តមាន ​ការិយាល័យ​សិទ្ធិ​មនុស្ស UN នៅ​កម្ពុជា

ភ្នំពេញៈ  បើ​ទោះ​ជា​ធ្លាប់​បាន​ព្រមាន​បញ្ចប់​វត្តមាន​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ thumbnail 1 summary

ភ្នំពេញៈ បើ​ទោះ​ជា​ធ្លាប់​បាន​ព្រមាន​បញ្ចប់​វត្តមាន​នៃ​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ


​មនុស្ស​នៅ​កម្ពុជា​ក្ដី​ប៉ុន្តែ​នៅ​ទីបំផុត​រដ្ឋាភិបាល​កម្ពុជា​សម្រេច​បន្ត​អនុស្សរណៈ​រយៈពេល​ ២ ​ឆ្នាំ​ទៀត​ជាមួយ​ស្ថាប័ន​មួយ​នេះ​តែ​បាន​សង្កត់ធ្ងន់​​លើ​ការ​មិន​ជ្រៀតជ្រែក​ការងារ​ផ្ទៃ​ក្នុង​ខណៈ​ដែល​កន្លង​មក​មាន​ការ​រិះគន់​​ពី​ការ​រំលោភ​សិទ្ធិ​មនុស្ស​គួរ​ឲ្យ​ព្រួយបារម្ភ។
អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ជា​ថ្មី​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ​ភាគី​ទាំង​ពីរ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ដោយ​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លើក​កម្ពស់​ និង​ជំរុញ​គោលការណ៍​គោរព​សិទ្ធិ​មនុស្ស និង​លទ្ធិប្រជាធិបតេយ្យ​ដែល​បាន​ចែង​​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​របស់​ក្រសួង​ការបរទេស​កម្ពុជា។
កាលពី​ខែ​វិច្ឆិកា​កន្លង​មក​ក្រសួង​ការបរទេស​កម្ពុជា​បាន​ព្រមាន​មិន​បន្ត​អនុស្សរណៈ​ជាមួយ​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​ទៀត​ទេ​ដោយសារ​មាន​ការ​រំលោភ​ទៅ​លើ​ខ្លឹមសារ​នៃ​អនុស្សរណៈ​ដែល​ក្នុង​នោះ​ក៏​មាន​ការ​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ផង​ដែរ​។
សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​ក៏​បាន​សង្កត់​ធ្ងន់​លើ​ការ​ជ្រៀតជ្រែក​នៃ​កិច្ចការ​ផ្ទៃក្នុង​នោះ​ផង​ដែរ​ដោយ​បាន​សរសេរ​ថា​រដ្ឋាភិបាល​កម្ពុជា​ប្តេជ្ញា​ចិត្ត​យ៉ាង​មុតមាំ​ក្នុង​ការ​ចាប់​ដៃគូ​យ៉ាង​ពិតប្រាកដ និង​ស្មោះត្រង់​ជាមួយ​នឹង​អង្គការ​សហប្រជាជាតិ​ដើម្បី​ពង្រឹង​ការ​អនុវត្ត​អនុស្សរណៈ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ពេញលេញ​ដោយ​ផ្អែក​លើ​ការ​គោរព​គ្នា​ទៅ​វិញ​ទៅ​មក​និង ​«​ពុំ​ជ្រៀតជ្រែត​កិច្ចការ​ផ្ទៃក្នុង​» សំដៅ​ពង្រឹង​បន្ថែម​នីតិរដ្ឋ និង​លើក​កម្ពស់​ ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។
អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​លោក​ ជុំ សុន្ទរី មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បន្ថែម​បាន​ទេ​កាលពី​ម្សិលមិញ​។ រីឯ លោក​ ឡុង វិសាលោ រដ្ឋលេខាធិការ​ក្រសួង​ការបរទេស​បាន​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​ផង​ដែរ។
ទោះបី​យ៉ាង​ណា​លោក​ ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ថ្លែង​ថា​ការ​បន្ត​សម្រេច​បន្ត​អនុស្សរណៈ​គឺ​បង្ហាញ​ពី​សុឆន្ទៈ​របស់​រដ្ឋាភិបាល​ដែល​ប្តេជ្ញា​​ពង្រឹង​តម្លៃ​សិទ្ធិ​មនុស្ស​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​កម្ពុជា​។
កន្លង​មក​​ ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​បាន​ជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​ដោយ​​គេ​មាន​ការ​ច្រឡំ​ខ្លួន​គេ​ថា​ជា​ចៅក្រម ឬ ​មន្ត្រី​នគរបាល​មក​ «​ត្រួតត្រា​រដ្ឋាភិបាល​កម្ពុជា​» ដោយ​បំភ្លេច​ពី​គោលការណ៍ និង​ក្រម​សីលធម៌​នៃ​ការងារ​របស់​ខ្លួន​ដូចជា​ការ​បញ្ចេញ​របាយការណ៍​ដែល​ប្រាសចាក​អំពី​អ្វី​ដែល​ភាគី​ដៃគូ​នោះ​មក​ពង្រឹង​បន្ថែម​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដូចជា​វិស័យ​សិទ្ធិ​មនុស្ស​ជាដើម​។
លោក​បញ្ជាក់​ថា​៖ «​វា​បង្ហាញ​ច្បាស់​ណាស់​ថា​មន្ត្រី​របស់​អង្គការ​សិទ្ធ​មនុស្ស​មិន​មាន​សិទ្ធិ​លូកលាន់​ជ្រៀតជ្រែក​បញ្ហា​ផ្ទៃក្នុង​កម្ពុជា​នោះ​ឡើយ​។ នេះ​គឺ​មាន​សារៈសំខាន់​ណាស់​»​។
មន្ត្រី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​សហប្រជាជាតិ​ OHCHR លោកស្រី Elizabeth Throssell បាន​ថ្លែង​តាមរយៈ​អ៊ីមែល​ពី​ទីក្រុង​ហ្សឺណែវ​ថា​ភាព​ស្មើគ្នា​បាន​ធ្វើ​ឲ្យ​ឈាន​ទៅ​ដល់ «កិច្ចព្រមព្រៀង​មួយ​នេះ​ដែល​អាច​ទទួល​យក​បាន​ទៅ​វិញ​ទៅ​មក​របស់​ភាគី​ទាំង​ពីរ​ និង​ការ​រក្សា​សុចរិតភាព​នៃ​កិច្ចព្រមព្រៀង​នេះ​ដែល​ភាគច្រើន​គាំទ្រ​ដល់​អាណត្តិ​របស់​ទីភ្នាក់ងារ​មួយ​នេះ​នៅ​កម្ពុជា»។
លោកស្រី Throssell បាន​ថ្លែង​ថា៖ «យើង​សូម​ស្វាគមន៍​ចំពោះ​ការ​ពិត​ដែល​យើង​អាច​ឈាន​ដល់​កិច្ចព្រមព្រៀង​មួយ​នេះ​ហើយ​យើង​មើល​ទៅ​មុខ​ដើម្បី​បន្ដ​កិច្ចសហប្រត្តិបត្តិការ​របស់​យើង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ដើម្បី​ជំរុញ​ឲ្យ​មាន​ការ​លើក​កម្ពស់​ និង​ការពារ​សិទ្ធិមនុស្ស​នៅ​កម្ពុជា»។
កាលពី​ឆ្នាំ​កន្លង​ទៅ​មាន​មន្ត្រី​មួយ​ចំនួន​ម្តង​ហើយ​ម្តង​ទៀត​បាន​លើក​យក​បញ្ហា​ដែល​អង្គការ​សហប្រជាជាតិ​រិះគន់​ដោយ​ផ្ទាល់​ទៅ​លើ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ដល់​ក្រុម​ប្រឆាំង​ និង​អ្នក​រិះគន់​ខ្លួន​ថា​ជា​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​កម្ពុជា។
តំណាង​របស់ OHCHR ប្រចាំ​កម្ពុជា​លោកស្រី Wan Hea Lee បាន​ថ្លែង​ប្រាប់​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​លើក​មុន​ថា​រដ្ឋាភិបាល​ចង់​ឲ្យ​កិច្ចព្រមព្រៀង​នេះ​មាន​រួម​បញ្ចូល​លើ​សេចក្ដី​យោង​នៅ​លើ​មាត្រា​ទី ២ នៃ​កថាខ័ណ្ឌ ៧ នៃ​ធម្មនុញ្ញ​របស់​អង្គការ​សហប្រជាជាតិ​ដែល​ហាមឃាត់​អង្គការ​សហប្រជាជាតិ​មិន​ឲ្យ​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​សមាជិក​នីមួយៗ។ អ្នក​ចរចា​របស់​អង្គការ​សហប្រជាជាតិ​ក៏​បាន​ថ្លែង​នៅ​ខណៈ​នោះ​ផង​ដែរ​ថា​ពួកគេ​អាច​នឹង​ដាក់​បញ្ចូល​កថាខណ្ឌ​នោះ​ប៉ុន្តែ​លុះត្រា​តែ​ដាក់​រួម​ជាមួយ​នឹង​ធម្មនុញ្ញ​ទាំង​មូល។
នៅក្នុង​សេចក្តី​ប្រកាស​របស់​ក្រសួង​ការបរទេស​ក៏​បាន​គូសបញ្ជាក់​បន្ថែម​លើ​មាត្រា ២ កថា​ខណ្ឌ ៧ ដែល​ចែង​ថា​ពុំ​មាន​បទប្បញ្ញត្តិ​ណា​មួយ​នៅក្នុង​ធម្មនុញ្ញ​ អ.ស.ប អនុញ្ញាត​ឲ្យ អ.ស.ប ចូល​ជ្រៀតជ្រែក​កិច្ចការ​ដែល​ស្ថិត​នៅ​ក្រោម​យុត្តាធិការ​របស់​ប្រទេស​ជា​សមាជិក​នីមួយៗ​ឡើយ​។
នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​បាន​សរសេរ​ទៀត​ថា៖ «ការ​បន្ត​សុពលភាព​អនុស្សរណៈ​ជាថ្មី​នេះ​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​ច្បាស់លាស់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​លើក​កម្ពស់ និង​ជំរុញ​គោលការណ៍​គោរព​សេរីភាព​ជា​មូលដ្ឋាន និង​លទ្ធិប្រជាធិបតេយ្យ​ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា»។
ការងារ​មួយ​ក្នុង​ចំណោម​ការងារ​ជាច្រើន​ដែល​ឧត្តមស្នងការ​សិទ្ធិ​មនុស្ស​កំពុង​តែ​ធ្វើ​នៅ​កម្ពុជា​នោះ​គឺ​ការ​ផ្តល់​ឱកាស​ឲ្យ​ជនជាតិ​ម៉ុងតាញ៉ា​បាន​ចុះ​ឈ្មោះ​សម្ភាស​ទៅ​ប្រទេស​ទី​បី​។
លោក មុំ សុផាណារិទ្ធិ អនុប្រធាន​នាយកដ្ឋាន​ជន​ភៀសខ្លួន​នៃ​ក្រសួង​មហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា​ម៉ុងតាញ៉ា​ទាំងអស់​ជាង​ ២០០ ​នាក់​ដែល​បាន​រត់​មក​កម្ពុជា​ដើម្បី​សុំ​សិទ្ធិ​ជ្រកកោន​នោះ​ត្រូវ​បាន​​សម្ភាស​រួចរាល់​អស់​ហើយ​ប៉ុន្តែ​លទ្ធភាព​នៃ​ការ​ជាប់​ទៅ​ប្រទេស​ទី​ ៣ ​នោះ​គឺ​មាន​តិចតួច​ណាស់​។
លោក​បញ្ជាក់​ថា​៖ «​យើង​បាន​បញ្ចប់​ការ​សម្ភាស​រួចរាល់​ហើយ​កាលពី​ដើម​ខែ​នេះ​។ យើង​សម្ភាស​​ម៉ុងតាញ៉ា​ទាំងអស់​ដែល​បាន​មក​កម្ពុជា​។ ការ​សម្ភាស​ចប់​ហើយ​»​។ លោក​សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​លទ្ធផល​នៃ​ការ​សម្ភាស​ដើម្បី​បាន​ទៅ​ប្រទេស​ទី​បី​នោះ​ដោយ​លោក​បាន​លើក​ឡើង​ថា​ «​វា​ជា​ការ​សម្ងាត់​»​។
ទោះ​យ៉ាង​ណា​លោក​បាន​បង្ហើប​ប្រាប់​ថា​ភាគច្រើន​នៃ​ម៉ុងតាញ៉ា​ទាំងអស់​នោះ​គឺ​មិន​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ជាប់​ជា​ជនភៀសខ្លួន​នោះ​ទេ​។
លោក​ មុំ សុផាណារិទ្ធិ ថ្លែង​ថា​៖ «​ខ្ញុំ​មិន​អាច​ប្រាប់​ប៉ុន្មាន​ជាប់ និង​ប៉ុន្មាន​ធ្លាក់​នោះ​ទេ​តែ​ភាគច្រើន​នៃ​ពួកគាត់​ស្ទើរ​តែ​ទាំងអស់​គឺ​មិន​មាន​អី​ជា​ធំដុំ​កំភួន​ទម្ងន់​ធ្ងន់​ពី​ការ​ធ្វើ​ទុក្ខ​បុកម្នេញ​ទេ​។ គាត់​ប្រាថ្នា​ទៅ​រក​ភាព​ប្រសើរ​នៃ​ជីវិត សម្បូរ សប្បាយ​ក្អាកក្អាយ​នៅ​ប្រទេស​ទី​ ៣ ដូចជា​អាមេរិក បារាំង​..»​។ លោក​បន្ថែម​ថា​ដំណើរការ​នៃ​ការ​សម្ភាស​ និង​វាយតម្លៃ​ជា​ដើម​ត្រូវ​បាន​ធ្វើ​ឡើង​ជាមួយ​នឹង​អង្គការ​សហប្រជាជាតិ​ទទួល​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​គឺ​មិនមែន​មាន​តែ​កម្ពុជា​ម្នាក់​ឯង​នោះ​ទេ​។
លោក​ក៏​បាន​ឲ្យ​ដឹង​ផង​ដែរ​ថា​អ្នក​ដែល​ត្រូវ​សម្ភាស​​ហើយ​បាន​និង​កំពុង​ស្ម័គ្រចិត្ត​ចាកចេញ​ពី​កម្ពុជា​ជា​បន្តបន្ទាប់​ព្រោះ​ពួកគេ​ដឹង​ថា​មិនមាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ជាប់​។ ទោះ​យ៉ាង​ណា​ចំនួន​ម៉ុងតាញ៉ា​ដែល​សេសសល់​នៅ​កម្ពុជា​មាន​​ប្រមាណ​ជា​ ១០០ ​នាក់​ទៀត​​៕
ប្រភព៖ postkhmer.com


loading...