Friday, December 23, 2016

ផល សោភ័ណ្ឌ ត្រូវ​ប្រជែង​យក​ខ្សែក្រវាត់​ជាមួយ ឡៅ ចន្ទ្រា

ភ្នំពេញៈ  នៅទីបំផុត​កីឡាករ​ជើង​ខ្លាំង ឡៅ ចន្ទ្រា និង ផល សោភ័ណ្ឌ ត្រូវវិល​មកជួប​គ្នាជាថ្មី​ម្តងទៀត ជាមួយ​ស្ថានភាព​ thumbnail 1 summary

ភ្នំពេញៈ នៅទីបំផុត​កីឡាករ​ជើង​ខ្លាំង ឡៅ ចន្ទ្រា និង ផល សោភ័ណ្ឌ ត្រូវវិល​មកជួប​គ្នាជាថ្មី​ម្តងទៀត ជាមួយ​ស្ថានភាព​


កាន់តែ​គួរឲ្យ​ចាប់អារម្មណ៍ គឺ​ពួកគេ​ត្រូវប្រកួត​ដណ្តើម​ខ្សែក្រវាត់​គូបូតា ទម្ងន់ ៦៣,៥ គីឡូក្រាម អម​ជាមួយ​ទឹកប្រាក់​រង្វាន់ ៥០០០ ដុល្លារ ក្នុងវគ្គ​ផ្តាច់ព្រ័ត្រ នៅលើ​សង្វៀន​បាយ័ន​បឹងស្នោ នារសៀល​ថ្ងៃអាទិត្យ ខាងមុខនេះ។
យ៉ាងណា​ក៏ដោយ សោភ័ណ្ឌ បាន​ទទូច​សុំឲ្យ​ការកាត់​សេចក្តី ក្នុងការ​ប្រកួត​ដ៏សំខាន់​មួយនេះ មានភាព​សុក្រឹត និង​យុត្តិធម៌។ ផល សោភ័ណ្ឌ បានប្រាប់​កាលពី​ម្សិលមិញ​ថា៖ «ខ្ញុំបាន​ត្រៀមខ្លួន​តាំងពី​ប្រកួត​វិលជុំ​មក​ម្ល៉េះ ប៉ុន្តែខ្ញុំ​សុំឲ្យ​ការប្រកួត​លើកនេះ​មានភាព​សុក្រឹត ព្រោះ​ការជួបគ្នា​លើកទី ២ ខ្ញុំមើល​ឃើញថា ខ្ញុំឈ្នះ តែគេ​បានសម្រេច​ឲ្យ​ខ្ញុំចាញ់។ ចំណែក​ការជួបគ្នា​លើកទី ៣ នេះ ខ្ញុំ​នឹងធ្វើ​ឲ្យអស់​ពីសមត្ថភាព ដើម្បី​ឲ្យ​ខ្ញុំចាញ់​ឬឈ្នះ​បាន​អស់ចិត្ត»។
ការលើកឡើង​របស់ ផល សោភ័ណ្ឌ គឺសំដៅ​ទៅលើ​ការប្រកួត​កីឡា​ជាតិ លើកទី ១ ឆ្នាំ ២០១៦ កន្លងមកនេះ ដោយ​កាលនោះ ចៅក្រម​បានសម្រេច​ឲ្យ ឡៅ ចន្ទ្រា ឈ្នះពិន្ទុ សោភ័ណ្ឌ ក្នុងការ​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ទាំង​ចម្រូង​ចម្រាស ខណៈ​ភាគី​របស់ ផល សោភ័ណ្ឌ បានប្តឹង​ជំទាស់​ទៅនឹង​ការសម្រេច​របស់​ចៅក្រម​នោះ ប៉ុន្តែ​ការប្តឹង​នោះ មិនទទួល​បាន​លទ្ធផល​ល្អទេ។
ចំណែក​ការជួបគ្នា​លើកដំបូង ក្នុងការ​ប្រកួត​វិលជុំ​ដណ្តើម​ខ្សែក្រវាត់​នេះ ផល សោភ័ណ្ឌ ត្រូវបាន ឡៅ ចន្ទ្រា វាយ​កែង​ឲ្យ​សន្លប់ធំ ក្នុង​ទឹកទី ៣។ យ៉ាងណាក៏ដោយ ការប្រកួត​វិលជុំ ៤ លើក​ចុងក្រោយ សោភ័ណ្ឌ បានផ្តួល​កីឡាករ​រួមជាតិ ឈឿន ឆៃដែន សុខ សុវណ្ណ និងកីឡាករ​ថៃ ២ នាក់​ផ្សេងទៀត​ឲ្យសន្លប់​ក្នុង​រង្វង់ ៣ ទឹក​ដូចគ្នា ទើបគេ​បានឡើង​មកជួប ឡៅ ចន្ទ្រា ដែលឈ្នះ​ទាំង ៥ ប្រកួត​ជាប់ៗគ្នា​ក្នុងវគ្គ​ផ្តាច់ព្រ័ត្រ​នេះ។
នៅពេល​សួរពី​ទំនុកចិត្ត​ចំពោះ​ការជួប ឡៅ ចន្ទ្រា លើកនេះ ផល សោភ័ណ្ឌ បាន​និយាយថា៖ «បើទោះ​បីជា​ខ្ញុំធ្លាប់​ចាញ់ ឡៅ ចន្ទ្រា ប៉ុន្តែ​ខ្ញុំ​សប្បាយចិត្ត នៅពេល​កីឡាករ​ខ្មែរនិង​ខ្មែរបាន​ឡើង​មកជួប​គេនៅ​វគ្គ​ផ្តាច់ព្រ័ត្រ​នេះ ព្រោះ​អ្នកណា​ឈ្នះក៏​ខ្សែក្រវាត់​នេះជា​របស់​កីឡាករ​ខ្មែរ​ដែរ។ យ៉ាងណា​ក៏ដោយ ខ្ញុំនឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ហើយខ្ញុំ​ក៏បាន​ដឹងពី​បច្ចេកទេស​ប្រកួត​របស់​គូប្រកួត​ផងដែរ តែ​សុំលាក់​សិន ព្រោះ​ការប្រកួត​គ្នា វាដូចជា​ការលេង​បាល់មូល​អ៊ីចឹង​ដែរ គឺវា​អាចមាន​ការប្រែប្រួល ដែល​យើងស្មាន​មិនត្រូវ​ទាំងអស់​នោះទេ សំខាន់​ពេល​ប្រកួត​ជាក់ស្តែង ទើបដឹង​ច្បាស់»។
យ៉ាង​ណាមិញ ឡៅ ចន្ទ្រា របស់​ក្លិបកង​ពលតូច​ឆត្រយោង ៩១១ ត្រូវបាន​គេមើល​ឃើញថា មាន​ស្មារតីមិន​រឹងមាំ​ដូចពេល​មុនៗ បន្ទាប់ពី​រូបគេ បានទទួល​ការព្រមាន និង​ស្តីបន្ទោស​ពីថ្នាក់​ដឹកនាំ​របស់​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ជុំវិញ​ការនិយាយ​លេងសើច​ថា មេដាយមាស ដែលគេ​ទទួលបាន​ពី​ការប្រកួត​កីឡាជាតិ ជា​មេដាយ​ដែក មានតម្លៃ​ត្រឹម៣០ម៉ឺន​រៀលនោះ ព្រោះ​សម្តី​បែប​អចេតនា​របស់ ចន្ទ្រា ត្រូវបាន​មន្ត្រី​កីឡា​របស់​ក្រសួង​អប់រំ យុវជន និងកីឡា ចាត់ទុកថា ជាការ​ប្រមាថ​មើលងាយ​ដល់​មេដាយ​កីឡាជាតិ។
ឡៅ ចន្ទ្រា មិនអាច​ទាក់ទង​សម្ពាស​បានទេ កាលពី​ម្សិលមិញ ប៉ុន្តែ​អតីត​កីឡា​ជើងខ្លាំង ឡៅ ស៊ីណាត ដែលជា​បងប្រុស​បង្កើត​របស់គេ​បាន​ប្រាប់ថា៖ «ការប្រកួត​វាតែងមាន​ការធ្លាក់​បន្តិចបន្តួច នៅ​ថ្ងៃណា​យើង​មិនសូវ​ស្រួលខ្លួន ប៉ុន្តែ​ចំពោះ​ការប្រកួត​ផ្តាច់ព្រ័ត្រ​នេះ ខ្ញុំនៅតែ​ជឿជាក់​លើ ចន្ទ្រា។ បើទោះបីជា​អ្នកទាំង ២ នេះ មានផ្លែ​សម្លាប់ល្អ​ដូចគ្នា ប៉ុន្តែការ​វាយចេញ​របស់​យើងបាន​លឿនជាង ហើយ​យើង​នៅក្មេង អាចមាន​កម្លាំង​រឹងមាំ និងថេរ​ល្អ​ជាងគេ​ផងដែរ»៕
ប្រភព៖ postkhmer.com


loading...