Sunday, December 11, 2016

តូយ៉ូតាកាត់ទ្រុងស្លាកលេខរដ្ឋ បត់ចូលមូលដ្ឋានទ័ពខ្វះការប្រុងប្រយ័ត្ន ប៉ះម៉ូតូបណ្ដាលឲ្យរបួសធ្ងន់ម្នាក់

រតនគិរីៈ  រថយន្តតូយ៉ូតាពាក់ស្លាកលេខរដ្ឋ មានកាត់តទ្រុងមួយគ្រឿង បានប៉ះជាមួយម៉ូតូមួយគ្រឿង បណ្ដាលឲ្យយុវសិស្សម្នាក់រងរបួសធ្ងន់ ខណៈបត់ចូលមូលដ... thumbnail 1 summary

រតនគិរីៈ រថយន្តតូយ៉ូតាពាក់ស្លាកលេខរដ្ឋ មានកាត់តទ្រុងមួយគ្រឿង បានប៉ះជាមួយម៉ូតូមួយគ្រឿង បណ្ដាលឲ្យយុវសិស្សម្នាក់រងរបួសធ្ងន់ ខណៈបត់ចូលមូលដ្ឋានកងទ័ពដោយខ្វះការប្រុងប្រយ័ត្ន។ 

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៧៖៣០នាទី ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៦ នៅត្រង់ចំណុចទល់មុខក្លោងទ្វារមូលដ្ឋានកងទ័ពប្រតិបត្តិការសឹករងវរសេនាលេខ៧៩ ស្ថិតនៅភូមិអភិវឌ្ឍន៍ សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ប្រភពពីកន្លែងកើតហេតុឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តម៉ាកតូយ៉ូតា ពណ៌ស ពាក់ស្លាកលេខ រដ្ឋ១៧ ២-០៤២២ បើកបរក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុ បានបត់ធ្វេងបម្រុងចូលទៅក្នុងមូលដ្ឋានកងទ័ព តែដោយខ្វះការប្រុងប្រយ័ត្ន(មិនស៊ីញ៉ូធ្វេង) ត្រូវបានម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម ធុនសេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ រតនគិរី ១B-៤២៣៣ បើកបរក្នុងទិសដៅពីកើតមកលិច វ៉ាក់នឹងរថយន្តបុកចំកងក្រោយយ៉ាងពេញទំហឹង បណ្តាលឲ្យយុវជនម្នាក់ រងរបួសធ្ងន់ធ្ងរ។ ចំណែកម្ចាស់រថយន្តបានកាច់សោពន្លត់ម៉ាស៊ីន រត់គេចខ្លួនបាត់ស្រមោល។

ប្រភពបានបន្តទៀតថា ជនរងគ្រោះត្រូវបានគេស្គាល់ឈ្មោះ ថាន់ រស្មី ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិសិល្បៈ សង្កាត់យក្ខឡោម ក្រុងបានលុង ខេត្តរតនគិរី ជាសិស្សថ្នាក់ទី៩D នៃវិទ្យាល័យសម្តេចឪសម្តេចម៉ែ។ យុវសិស្សរូបនេះ បានទទួលរងរបួសបែកអង្គុញជើងខាងស្តាំ បាក់ដៃខាងធ្វេង និងបែកមុខ ប៉ុន្តែសំណាងល្អគេពាក់មួកសុវត្ថិភាព ចំណែកម៉ូតូខ្ទេចកង់មុខទាំងស្រុង។
ក្រោយពេលកើតហេតុ នគរបាលចរាចរណ៍ជើងគោកបានចុះមកវាស់វែង នាំយករថយន្តបង្ក និងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីរង់ចាំការដោះស្រាយពេលក្រោយ៕
ប្រភព៖ ppostnews.media


loading...