Saturday, December 10, 2016

ទង្វើ៥យ៉ាងនេះ អាចធ្វើអោយកូនរបស់អ្នកគេងយំយប់​

លោកឪពុក​អ្នក​ម្តាយ​តែងតែមាន​សេចក្តីសុខ​នៅពេល​បានឃើញកូនៗសើច​សប្បាយ និង​មាន​ស្នាមញញឹម តែ​នោះ​ក៏​មិនបាន​មានន័យថា ពួកគេ​នឹងមាន​សេចក្តីសុខ... thumbnail 1 summary


លោកឪពុក​អ្នក​ម្តាយ​តែងតែមាន​សេចក្តីសុខ​នៅពេល​បានឃើញកូនៗសើច​សប្បាយ និង​មាន​ស្នាមញញឹម តែ​នោះ​ក៏​មិនបាន​មានន័យថា ពួកគេ​នឹងមាន​សេចក្តីសុខ​រហូត​នោះដែរ។ 


សាកល្បង​សង្កេតមើល​នៅពេល​យប់​ទៅ​មើលថា តើ​កូនតូច​មាន​លប​គេង​យំ​ឬទេ? ព្រោះ​អារម្មណ៍​របស់​ពួកគេ​ពិតជា​ឆាប់​ញាប់​ញ័រ​រញ្ជួយ ហើយ​មិនដឹង​នឹង​សម្តែង​ចេញមក​យ៉ាងណា ទើបបាន​ត្រឹមតែ​លួច​យំ​ហ្នឹងឯង។ បើសិន​កើតមាន​សំណួរ​ថា ហេតុ​អីបានកូនៗរបស់​អ្នក​ត្រូវ​លប​គេង​យំ​នោះ? សូម​សាកល្បង​មក​មើ​លពី​មូលហេតុ​ទៅ​មើលថា តើ​វា​មកពី5ទង្វើ​របស់​លោកឪពុក និង​អ្នក​ម្តាយ​ដូចដែល ឡា​រ៉ែ​ន បាន​នាំមក​ជម្រាបជូន​នៅថ្ងៃនេះ​ឬក៏​អត់?
1.ឱ្យកូនៗឃើញ​ព័ត៌មាន​ដ៏​គួរឱ្យ​ស្រងេះស្រងោច​អាណោច​អធម្ម
ក្មេង​ដែល​ទើបតែ​បើកភ្នែក​មើល​ពិភពលោក​ត្រឹមតែ​ប៉ុន្មាន​ឆ្នាំ សភាព​ជុំវិញខ្លួន​របស់គេ​ក៏​មានតែ​ឪពុកម្តាយ និង​នៅឯ​សាលារៀន​ប៉ុណ្ណោះ កូនតូច​នៅ​មិនទាន់មាន​បទពិសោធ​អាក្រក់​ដោយ​ត្រង់​នៅឡើយ​ទេ ដូច្នេះ​អាណាព្យាបាល​គួរ​ចៀសវាង​ឱ្យ​ពួកគេ​មើល​ព័ត៌មាន​បែប​អវិជ្ជមាន ដូចជា ព័ត៌មាន​ឧក្រិដ្ឋកម្ម ព័ត៌មាន​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ដែល​វា​ជាការ​បង្ហាញ​រូបភាព​ឱ្យក្មេងៗចងចាំ និង​បង្ក​ឱ្យ​កើតក្តី​ភ័យខ្លាច ហុច​ផលប៉ះពាល់​ដល់​ផ្លូវចិត្ត រហូត​មិន​ហ៊ាន​និយាយ​ចេញ មក និង​លួច​លាក់ទុក​ទៅ​ពួន​យំ​តែម្នាក់ឯង​យ៉ាងស្ងាត់ៗ ដូច្នេះ​រឿង​ដែល​ឪពុកម្តាយ​គួរ​ធ្វើ​គឺ ការពារកូនតូចៗរបស់​អ្នក ផ្តល់​សេចក្តី ស្រឡាញ់ ភាពកក់ក្តៅ និង​ព្យាយាម​ចៀសវាង​កុំឱ្យ​កូនតូច​ឃើញ​ព័ត៌មាន​អាក្រក់​ទាំងនោះ។
2.ឪពុក​យក​ម្តាយ​ឈ្លោះប្រកែក​គ្នា
ការឈ្លោះគ្នា​គឺជា​រឿង​របស់​ឪពុកម្តាយ​ក៏ពិតមែន តែ​កុំភ្លេចថា លោកអ្នក​នៅមាន​ច្រវាក់​មាស​ចងចិត្ត​តូច​មួយ​ដែល​អាច​បានឮ​សំឡេង​ស្រែកជេរ​គ្នា​រំលង​បន្ទប់​នោះ។ មិន​ថា​អ្នក​ទាំងពីរ​នឹង​ជួប​បញ្ហា ឬ​ទាស់ចិត្ត​អ្វី​គ្នា​ក៏ដោយ គួរ​និយាយ​គ្នា​ដោយ​ហេតុផល និង​ចៀសវាង​កុំឱ្យ​កូនតូច​ឃើញ​ទង្វើ​ហ្នឹង ព្រោះ​វា​គឺ​អំពើហិង្សា​នៅក្នុង​ផ្ទះ។ ក្មេងៗនឹងមាន​សម្ពាធ​ក្នុង​ចិត្ត និង​លួច​ទៅ​យំ ព្រោះ​ពួកគេ​មិនអាច​យល់បាន​ថា កើតរឿង​អ្វី​ឡើង​ចំពោះ​អ្នក​ទាំងពីរ​ឡើយ។
3. វាយកូនៗដោយ​អំពើហិង្សា
ការវាយដំ​មិនមែនជា​វិធី​កែប​ញ្ហា​ដែល​ល្អ​ឡើយ លោកឪពុក​អ្នក​ម្តាយ​គួរតែ​និយាយ​ជាមួយ​កូន​ដោយ​ពាក្យសម្តី​សុភាព និង​បញ្ជាក់ប្រាប់​ពី​ហេតុផល ឬ​បើក្មេងៗត្រូវ​ទទួល​ទណ្ឌកម្ម ក៏​គួរតែ​រកមើល​វិធី​ផ្សេង​ណា​ដែល​មិនមែនជា​ការវាយដំ​ពួកគេ​យ៉ាង​ខ្លាំងក្លា​វិញ ព្រោះ​គ្រប់​ពេលដែល​អ្នក​វាយវាត់​ទៅលើ​សាច់​ដ៏​ស្តើង​ខ្ចី​របស់​កូនតូច​នោះ ក្រៅពី​ពួកគេ​នឹង​ឈឺចាប់​ខាង​រាងកាយ​ហើយ នៅ​សាង​ស្នាមដំបៅ​ក្នុង​ដួងចិត្ត​របស់​ពួកគេ​ទៀតផង។
4.ហៅកូនៗដោយ​ពាក្យ​អសុរោះ
សាកល្បង​សួរ​ខ្លួនឯង​ទៅ​មើលថា តើ​ចូលចិត្ត​ឱ្យ​អ្នកដទៃ​ហៅ​ខ្លួនឯង​ដោយ​ឈ្មោះ​ចំអក​ឡក​លើ​យ ឬ​ពាក្យ​អសុរោះ​ឬទេ?បើ​មិន​ចូលចិត្ត... ក្មេងៗក៏​ដូចគ្នា​ដែរ ពួកគេ​មិន​ចូលចិត្ត​ឱ្យ​ហៅ​ដោយ​ឈ្មោះ​ដែល​ឆ្លុះបញ្ចាំង​ទៅក្នុង​ផ្លូវ​ដែល​មើលងាយ ដូចជា អា​ភ្លើ អា​ខូច​នោះឡើយ ព្រោះកូនតូចៗនឹងមាន​អារម្មណ៍​ថា ខ្លួនឯង​គ្មាន​មានតម្លៃ គួរឱ្យ​អស់សង្ឃឹម កើតជា​ចំណុច​អន់​នៅក្នុង​ដួងចិត្ត និង​អាច​លាក់ទុក​ទៅ​គេង​យំ​តែម្នាក់ឯង​បាន។
5.ឪពុកម្តាយ​សម្រេចចិត្ត​លែងលះគ្នា
ចំណុច​ចុង​ក្រោយនេះ ជា​រឿង​ដែល​ធ្វើបាប​ដួងចិត្ត​កូនតូច​ខ្លាំង​បំផុត បើ​ឪពុកម្តាយ​សម្រេចចិត្ត​លែងលះ និង​គិតថា​កូនតូច​មិនជា​អ្វី​ទេនោះ សូម​ប្រាប់​ទៅ​ចុះ​ថា លោកអ្នក​គិត​ខុស​យ៉ាងធ្ងន់ធ្ងរ​ខ្លាំងណាស់​ដែល​បញ្ហា​នេះ​នឹង​ក្លាយជា​ចំណុច​មួយ​នៅក្នុង​ដួងចិត្ត​របស់​ក្មេង ព្រោះ​កុំភ្លេចថា កូនតូច​ត្រូវបាន​ចិញ្ចឹម​ថែទាំ​មក​ដោយ​អ្នក​ទាំងពីរ​នាក់ ដូច្នេះ​ទាំង​ឪពុក និង​ម្តាយ​ប្រៀបដូចជា ទឹក និង​ខ្យល់អាកាស​ដែល​ធ្វើឱ្យ​កូនតូច​រស់នៅ​តទៅទៀតបាន។ អ្នក​ទាំងពីរ​គឺ សេចក្តីសុខ និង​ជា​គ្រួសារ​ដែលមាន​គ្រប់ បើ​ខ្វះ​ខាង​ណា​ម្នាក់​ទៅនោះ ប្រាកដ​ណាស់​ថា ក្មេងៗនឹងត្រូវ​នឹក និង​ដង្ហោយ​រក ហើយ​ថែមទាំង​លាក់ទុក​ភាព​សោកសៅ​នៅក្នុង​ខ្លួន​ទៀតផង។
លោកឪពុក​អ្នក​ម្តាយ​សាកល្បង​សង្កេត​ស្តាប់​សំឡេង​របស់កូនៗនៅពេល​យប់​ទៅ​មើលថា តើ​កូនតូច​មាន​លួច​យំ​ឬទេ?  បើ​បានឮ​សូរសំឡេង​អណ្តឺតអណ្តក់​នោះ បង្ហាញថា លោកអ្នក​កំពុង​ធ្វើបាប​ដួងចិត្តកូនៗដូច5ចំណុច​ខាងលើនេះ​ដោយ​មិនដឹង​ខ្លួន​ក៏​អាច​ថា​បានដែរ។ សាកល្បង​បែរមក​និយាយ​ពន្យល់​គ្នា ដើម្បីឱ្យ​កូនតូច​មាន​អារម្មណ៍​ថា​មាន​សុវត្ថិភាព និង​គេង​លក់​យ៉ាង​មាន​សេចក្តីសុខ​រហូត​តទៅ​ប្រសើរ​ជាង៕
ប្រភព ៖ lareine.com.kh


loading...