Tuesday, December 13, 2016

លោក​រិ​ទ្ធ សារី រស់នៅ​ក្នុងផ្ទះ​តូច​យ៉ាង​កម្សត់សល់​ម៉ូតូ​កញ្ចាស់​មួយ​ពី​អាជីព​សម្តែង​ភាពយន្ត

រាជធានី​ភ្នំពេញ ៖ អតីត​តារាភាពយន្ត ជើង​ចាស់​លោក​រិ​ទ្ធ សារី កំពុង​តែ​រស់នៅ​ក្នុង​ជីវភាព​ក្រលំបាក ហើយ​អ្វី​ដែល​ជា​ទ្រព្យ​បញ្ច​ល់​ទុក​ពី​... thumbnail 1 summary

រាជធានី​ភ្នំពេញ ៖ អតីត​តារាភាពយន្ត ជើង​ចាស់​លោក​រិ​ទ្ធ សារី កំពុង​តែ​រស់នៅ​ក្នុង​ជីវភាព​ក្រលំបាក ហើយ​អ្វី​ដែល​ជា​ទ្រព្យ​បញ្ច​ល់​ទុក​ពី​ការ​សម្តែង​របស់​លោក​ជាង​១០​ឆ្នាំ​មកនេះ គឺ​ម៉ូតូ​កញ្ចាស់​មួយ​គ្រឿង​ប៉ុណ្ណោះ ។

ស្ថិត​ក្នុង​វ័យ​៧៦​ឆ្នាំ តារាភាពយន្ត​លោក​រិ​ទ្ធ សារី កំពុង​រស់នៅ​ផ្ទះ​តូច​មួយ​នៅ​ឃុំ​កន្ទួត សង្កាត់ ក្តុល​ដូនទាវ ខេត្ត​ក្រុង​បាត់ដំបង ទទួល​រ៉ាប់រង​មើលថែ​ចៅ​ពីរ​នាក់​ដែល​ឪពុក​ម្តាយ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ។

ប្រធាន​សមាគម​សិល្បករ​ខ្មែរ​លោក​សុះ ម៉ាច ដែល​បាន​ទៅ​សួរសុខទុក្ខ​លោក​រិ​ទ្ធ សារី ដល់​គេហដ្ឋាន​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ឱ្យ​ដឹង​ថា គាត់​រស់នៅ​ផ្ញើខ្លួន​នឹង​កូន​ហើយ​នៅ​មើលថែ​ចៅ​ពីរ​នាក់​ជំនួស​ម្តាយ​ឪពុក​ដែល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ។ រស់នៅ​ក្នុងផ្ទះ​តូច​ដែល​រថយន្ត​មិន​អាច​ចូល​ទៅ​ដល់ ភរិយា​របស់​លោក​រិ​ទ្ធ សារី លក់​បន្លែ​បន្តិចបន្តួច​តាម​ផ្លូវ ។ អ្វី​ដែល​ជា​ទ្រព្យ​បន្សល់​ពី​ការ​សម្តែង​ភាពយន្ត​របស់​លោក​រិ​ទ្ធ សារី គឺ​ម៉ូតូ​កញ្ចាស់​អាយុ​ជាង​ម្ភៃ​ឆ្នាំ​មួយ​គ្រឿង​។ សព្វថ្ងៃ​លោក​រិ​ទ្ធ សារី មាន​ជំងឺលើសឈាម និង​ខ្វះ​ជាតិ​ស្ករ ។
បើ​តាម​លោក​សុះ ម៉ាច​ថា លោក​រិ​ទ្ធ សារី បាន​ចូល​ប្រឡូក​សិល្បៈ​ល្ខោនបាសាក់​ជា​តួ​ត្លុក​តាំងពី​អាយុ​១៧​ឆ្នាំ​រហូត​ឆ្នាំ​១៩៧៤ ។ គាត់​បាត់បង់​អាជីព​សិល្បៈ​ដោយសារ​របប​ខ្មែរក្រហម និង​លន់ ន​ល់ ។
លុះដល់​ឆ្នាំ​១៩៨១ ក្រសួង​វប្បធម៌​ខេត្ត​អញ្ជើញលោក​រិ​ទ្ធ សារី ឱ្យធ្វើ​ជា​គ្រូសិល្ប​:​ផ្នែក​ល្ខោនបាសាក់ ។ ពេល​នោះ​គាត់​ធ្វើ​ជា​គ្រូ​ផង​សម្តែង​ផង ។ លុះដល់​ចុងឆ្នាំ​១៩៨០ លោក​សេក វ​ណ្ណា​រី​ដែល​សព្វថ្ងៃ​បម្រើ​ការងារ​នៅ​ក្រសួងការពារជាតិ និង​អតីត​ជា​ម្ចាស់​ផលិតកម្ម​ព្រហ្ម​មាន​ជ័យ​ពេល​ទៅ​ខេត្តបាត់ដំបង​ឃើញ​លោក​រិ​ទ្ធ សារី ក៏​ហៅ​ឱ្យ​ចូលរួម​សម្តែង​ភាពយន្ត ។ នៅ​ពេល​នោះ​លោក​រិ​ទ្ធ សារី បដិសេធ​ដោយសារ​គាត់​ធ្លាប់​លេង​តែ​ល្ខោនបាសាក់ ។ គាត់​មិន​ចង់​បោះបង់​ល្ខោនបាសាក់​ដោយ​គាត់​បាន​ប្រាប់​ថា មិន​ភ្លេចគុណ​ល្ខោនបាសាក់​ដែល​ជួយ​ជីវិត​គាត់​ទេ ទោះបី​គាត់​ធ្លាប់​ឆ្លងកាត់​ការ​លំបាក​ដើរ​សម្តែង ជួន​ពេល​ខ្លះ​ដេក​ផ្ទាល់​ដី​ក៏​ដោយ ។ ដោយ​មានការ​បញ្ចុះបញ្ចូល លោកតា​ក៏​ព្រម​មក​ភ្នំពេញ​សម្តែង​ភាពយន្ត ។
ដំបូង​បំផុត​លោក​រិ​ទ្ធ សារី សម្តែង​ជាមួយ​លោក​សំ វិទ្យា ក្នុង​រឿង «​ស្នេហ៍​រហែក​ជ្រែក​វិញ្ញាណ​» ។ រឿង​នោះ​រួម​សម្តែង​ជាមួយ​អ្នក​នាង​អម្ពរ ទេវី និង​អ្នក​នាង​ចាន់ តារា​ទី ។ ដោយ​សម្តែង​បាន​ល្អ​ធ្វើ​ឱ្យ​លោក​សេក វ​ណ្ណា​រី​ពេញចិត្ត ហើយ​នៅ​ពេល​លោក​រិ​ទ្ធ សារី ត្រឡប់​ទៅ​បាត់ដំបង​វិញ​មួ​យស​ប្តា​ហ៍ លោក​វ​ណ្ណា​រី​ក៏​ផ្ញើ​សំបុត្រ​តាម​លោកតា​ព្រួញ​មាស​តារា​កំប្លែង​ឱ្យ​គាត់​ត្រឡប់​ទៅ​ភ្នំពេញ​វិញ ។ ពេល​នោះ​លោក​រិ​ទ្ធ សារី បាន​ចុះ​កិច្ចសន្យា​សម្តែង​៥​រឿង ភ្លាម​ៗ​ដោយ​ដើរតួ​ជា​ឪពុក ឬ​បងប្រុស ។ រយៈពេល​១២​ឆ្នាំ​ដែល​គាត់​សម្តែង​ភាពយន្ត​មិន​តិច​ជាង​១០០​រឿង​ទេ ហើយ​រឿង​ដែល​គាត់​ពេញចិត្ត​បំផុត​គឺ​រឿង​«​មេឃ​ស្រឡះ​នៅ​ក្រាំង​យ៉ូ​វ​» និង​រឿង «​ម្ចាស់​ភូមិ​គ្រឹះ​កណ្តាល​» ដែល​បានការ​កោត​សរសើរ​​ពី​សម្តេច​តេ​ជោ​ហ៊ុន សែន ។

លោក​សុះ ម៉ាច ឲ្យ​ដឹង​ទៀត​ថា លោក​រិ​ទ្ធ សារី ឃ្លាត​ចាក​ឆ្ងាយ​ពី​ពិភព​សិល្ប​:​នៅ​ពេល​វិស័យ​សិល្ប​:​ភាយ​ន្ត​ខ្មែរ​ធ្លាក់​ចុះ​ខ្លាំង​ក្នុង​អំឡុង​ឆ្នាំ​២០០១ ដោយ​វិល​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ នៅ​ក្នុងស្រុក​ក្តុល​ដូនទាវ ។ រហូត​មក​ដល់​ពេល​នេះ​ជាង​ដប់​ឆ្នាំ​ហើយ​ដែល​លោក​រិ​ទ្ធ សារី ឃ្លាត​ពី​ពិភព​ពី​សិល្បៈ ។ «​លោកតា​ក្តុកក្តួល​បំផុត​នៅ​ពេល​ដែល​ខ្ញុំ​ទៅ​សួរសុខទុក្ខ ខណៈ​ពេល​ដែល​លោកតា​ស្មានថា​គេ​បំភ្លេច និង​បោះបង់​លោកតា​ចោល​ទៅ​ហើយ ។ ពេល​នោះ​ខ្ញុំ​ប្រាប់​គាត់​ថា ខ្ញុំ​សូម​តំណាង​ឱ្យ​សិល្បករ​-​សិល្ប​ការិនី​ចាស់​-​ថ្មី​សូម​គោរព និង​សួរសុខទុក្ខ​លោកតា ពួក​យើង​នឹង​មិន​ទុក​ឱ្យ​លោកតា ឬ​អ្នកសិល្បៈ​ណា​នៅ​ឯកា​នោះ​ឡើយ​» ។
លោក​សុះ ម៉ាច ឱ្យ​ដឹង​ថា លោក​រិ​ទ្ធ សារី​បាន​វិល​ចាប់​អាជីព​សិល្បៈ​វិញ​សម្រាប់​ជីវិត​ចុង​ក្រោយ ជាក់ស្តែង​កំពុង​ចូលរួម​សម្តែង​នៅ​ក្នុង​រឿង​«​បុ​ប្ជា​៤​ទង​» ដែល​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​CTN ។
លោក​សុះ ម៉ាច ដែល​បាន​រួម​ដំណើរ​ដោយ​លោក​វរសេនីយ៍ទោ​សូ ឌី មន្ត្រី​កងរាជអាវុធហត្ថ និង​លោក​សួ​ស សទ្ធា ម្ចាស់​ភោជនីយដ្ឋាន​អប្សរា បាន​នាំ​យក​ប្រាក់​របស់​សមា​គម​​សិល្បករ​ខ្មែរ​ចំនួន​១០០​ដុល្លារ ប្រាក់​លោក​សួ​ស សទ្ធា ៥០​ដុល្លារ និង​ប្រាក់​នាង​សេរី​រ័​ត្ន ចំនួន​១០​ដុល្លារ សរុប​ចំនួន​១៦០​ដុល្លារ ជូន​លោក​រិ​ទ្ធ សារី។
ប្រភព៖ read25.com


loading...