Friday, December 9, 2016

ក្រុម​អ្នក​ដឹកនាំ​យុវជន​អាស៊ី​អាគ្នេយ៍​មើល​ឃើញ​ថា​យុវជន​នៅ​ជនបទ​ពុំ​សូវ​មាន​ឱកាស​សិក្សា

មេ​ដឹកនាំ​យុវជន​អាស៊ី​អាគ្នេយ៍  (Young South East Asian Leader Initiative)  បាន​រក​ឃើញ​ថា បច្ចុប្បន្ន យុវជន​ខ្មែរ​នៅ​ទីក្រុង   thumbnail 1 summary

មេ​ដឹកនាំ​យុវជន​អាស៊ី​អាគ្នេយ៍ (Young South East Asian Leader Initiative) បាន​រក​ឃើញ​ថា បច្ចុប្បន្ន យុវជន​ខ្មែរ​នៅ​ទីក្រុង 


និង​យុវជន​នៅ​តាម​ទី​ជនបទ គឺ​ទទួល​បាន​ឱកាស​សិក្សា​ខុស​ពី​គ្នា​យ៉ាង​ឆ្ងាយ។ យុវជន​ដែល​រស់នៅ​ទី​ជនបទ ក្រៅ​តែ​ពី​ស្ថានភាព​គ្រួសារ​ក្រីក្រ ហើយ​ត្រូវ​ចំណាយ​ពេល​ជាច្រើន​ដើម្បី​ជួយ​ធ្វើ​ការ​គ្រួសារ គឺ​ពួក​គេ​ខ្វះ​ឯកសារ​ដើម្បី​ស្រាវជ្រាវ ជាពិសេស​អន់​ខ្សោយ​ខាង​ផ្នែក​ព័ត៌មានវិទ្យា ដោយ​គ្មាន​ឧបករណ៍​សម័យ​បច្ចេកវិទ្យា​ទំនើប​សិក្សា​ស្រាវជ្រាវ​ទេ។
តើ​យុវជន​នៅ​ទីក្រុង​មាន​វិធី​អ្វី​ខ្លះ ដើម្បី​ជួយ​យឹតយោង​យុវជន​នៅ​ទី​ជនបទ ដើម្បី​ឲ្យ​មាន​ឱកាស​សិក្សា​ស្មើ​ភាព​គ្នា?
យុវជន​ដាំ​ដើម​ឈើ សៀមរាប ២០១៦ ៨៥៥
និស្សិត​មួយ​ក្រុម​នៃ​មេ​ដឹកនាំ​យុវជន​អាស៊ី​អាគ្នេយ៍​មក​ពី​ទីក្រុង​ភ្នំពេញ បាន​សម្ដែង​ទឹក​ចិត្ត​ក្ដុកក្ដួល​អាណិត​ចំពោះ​យុវជន​ជាច្រើន​ដែល​កំពុង​រស់នៅ​ទី​ជនបទ ដោយសារ​តែ​មើល​ឃើញ​ថា យុវជន​ជាច្រើន​នៅ​ក្នុង​គ្រួសារ​ក្រីក្រ ពុំ​មាន​ឱកាស​គ្រប់គ្រាន់​ទទួល​បាន​ការ​សិក្សា​រៀន​សូត្រ​ល្អ​ទេ។
ភាព​ក្ដុកក្ដួល​បាន​កើត​មាន​ឡើង​ក្នុង​ពេល​ដែល​គេ​រៀបចំ​ប្រារព្ធ​ខួប​នៃ​មេ​ដឹកនាំ​យុវជន​អាស៊ី​អាគ្នេយ៍ វ៉ាយ ស៊ីលលី (YSEALI) ហើយ​យុវជន​មក​ពី​ទីក្រុង​បាន​ចុះ​ទៅ​ជួប​យុវជន​ជាច្រើន​នៅ​ឃុំ​សសរស្ដម្ភ ស្រុក​ពួក និង​នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប ដោយ​ធ្វើ​ពិធី​ដាំ​កូន​ឈើ​តាម​ដង​ផ្លូវ ព្រម​ទាំង​ស្វែង​យល់​ពី​ការងារ​នៅ​ថ្នាក់​ឃុំ​ផង កាល​ពី​ថ្ងៃ​ទី​៣ ខែ​ធ្នូ កន្លង​ទៅ។
និស្សិត​វិទ្យាស្ថាន​ភាសា​បរទេស​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ម្នាក់​ក្នុង​ចំណោម​និស្សិត​ជាច្រើន​ទៀត គឺ​កញ្ញា ហេង អ៊ីលីន។ កញ្ញា​មាន​ប្រសាសន៍​បន្ទាប់​ពី​ចុះ​ទៅ​តាម​មូលដ្ឋាន​ជួប​ជាមួយ​យុវជន​នៅ​តាម​ទី​ជនបទ​ថា នាង​ធ្លាប់​តែ​រស់នៅ​ទីក្រុង​ភ្នំពេញ ហើយ​បាន​ទទួល​ការ​សិក្សា​រៀន​សូត្រ​យ៉ាង​ល្អ មិន​នឹក​ស្មាន​ថា​យុវជន​វ័យ​ស្រករ​នាង​ដែល​រស់នៅ​ទី​ជនបទ មាន​ជីវភាព​ក្រីក្រ ព្រម​ទាំង​មិន​មាន​ឱកាស​សិក្សា​គ្រប់គ្រាន់​ដូច្នេះ​ទេ។ កញ្ញា អ៊ីលីន បញ្ជាក់​ថា នៅ​ឯ​ទីក្រុង នាង​មាន​ឯកសារ​ជាច្រើន​សម្រាប់​ស្រាវជ្រាវ​ចំណេះ​ដឹង ព្រម​ទាំង​មាន​កុំព្យូទ័រ (Computer) សម្រាប់​ស្រាវជ្រាវ​ពី​ចំណេះ​ដឹង​ថ្មីៗ​នៅ​ជុំវិញ​ពិភពលោក​ផង ក៏ប៉ុន្តែ​ពេល​នាង​មក​ដល់​ទី​ជនបទ ឃើញ​ថា​យុវជន​ជាច្រើន​មាន​ជីវភាព​ខ្សត់​ខ្សោយ ហើយ​ពុំ​មាន​ឱកាស​សិក្សា​ដូចជា​រូប​នាង​ទេ៖ «ពេល​មក​ដល់​នេះ ទើប​ខ្ញុំ​ឃើញ​ថា​ពួក​គាត់ គឺ​ខ្វះ​ធនធាន​ជាច្រើន ខ្វះ​ទាំង​ធនធាន​មនុស្ស និង​ខ្វះ​ថវិកា​រៀន​សូត្រ»
យុវជន​ដែល​រស់នៅ​តាម​ទី​ជនបទ​មួយ​ចំនួន បាន​បង្ហាញ​ទឹក​ចិត្ត​ថា ពួក​គេ​ក៏​ចង់​បាន​ឱកាស​រៀន​សូត្រ​ល្អ​ដូចជា​យុវជន​រស់នៅ​ទីក្រុង​ដែរ ក៏ប៉ុន្តែ​ការ​តស៊ូ​របស់​ពួក​គេ ហាក់​ចុះ​ចាញ់​នៅ​ពេល​ដែល​ស្ថានភាព​គ្រួសារ​កាន់​តែ​ខ្វះខាត​ខ្លាំង។
ក្រុម​សិស្ស​សាលា​នៅ​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប នាំ​គ្នា​ដាំ​ដើម​ឈើ​នៅ​អម​ដង​ផ្លូវ​ជាតិ​លេខ​៦៨ 
ថ្ងៃ​ទី​៣ ខែ​ធ្នូ ឆ្នាំ​២០១៦។ RFA/Hang SavyouthRFA/Hang Savyouth
អតីត​សិស្ស​វិទ្យាល័យ​ស្រុក​ក្រឡាញ់ ដែល​បង្ខំ​ចិត្ត​បញ្ចប់​ការ​សិក្សា​ត្រឹម​ថ្នាក់​ទី​១២ ហើយ​រៀបការ​ទាំង​វ័យ​ក្មេង នាង លាង សេងយ៉ា ឲ្យ​ដឹង​ថា បច្ចុប្បន្ន​រូប​នាង​បាន​ចូល​បម្រើ​ការងារ​ជា​ជំនួយការ​នៅ​សាលា​ឃុំ​ជន្លាសដៃ ដោយ​បាន​ទទួល​ប្រាក់​ខែ​ចំនួន ៣០​ម៉ឺន​រៀល​ក្នុង​មួយ​ខែ។ នាង លាង សេងយ៉ា ថ្លែង​ប្រាប់​អាស៊ីសេរី ទាំង​អួល​ដើមក និង​ស្រក់​ទឹក​ភ្នែក​ថា នាង​បាន​ប្រឡង​ជាប់​បាក់​ឌុប​កាល​ពី​ឆ្នាំ​២០១៥ ហើយ​បង្ខំ​ចិត្ត​មិន​បន្ត​ការ​សិក្សា​នៅ​ថ្នាក់​ឧត្តម​ទេ ពីព្រោះ​តែ​ម្ដាយ​របស់​នាង​ក្រីក្រ និង​ចំណាក​ស្រុក​ទៅ​ធ្វើ​ការ​ឯ​ប្រទេស​ថៃ ដោយ​ទុក​ជីដូន​ចាស់​ជរា ព្រម​ទាំង​ប្អូន​តូចៗ និង​គោ​ក្របី​ឲ្យ​នាង​ថែ​រក្សា​ផង។ សេងយ៉ា បន្ថែម​ទៀត​ថា ជីវិត​សិក្សា​របស់​នាង​មិន​ងាយ​ស្រួល​ដូច​យុវជន​ដែល​គ្រួសារ​មាន​ជីវភាព​ធូរធារ​ទេ គឺ​ពេល​ទៅ​រៀន​ម្ដងៗ តែង​ព្រួយ​បារម្ភ​រហូត​ជាមួយ​នឹង​សមាជិក​គ្រួសារ​នៅ​ឯ​ផ្ទះ៖ «ពេល​ថ្ងៃ​ណា​មាន​ភ្លៀង អារម្មណ៍​ខ្ញុំ​តែង​នឹក​គិត​ថា តើ​នៅ​ផ្ទះ​របស់​ខ្ញុំ​យ៉ាង​ម៉េច​ដែរពីព្រោះ​មាន​ប្អូន​តូចៗ ខ្លាច​នាំ​គ្នា​ងូត​ទឹក​ភ្លៀង ក្លាយ​ទៅ​ជា​ឈឺ ហើយ​ខ្ញុំ​គ្មាន​ពេល​ទៅ​រៀន»
ដោយសារ​តែ​យុវជន​នៅ​តាម​ទី​ជនបទ​មាន​ឱកាស​ទទួល​បាន​ការ​សិក្សា​មិន​សូវ​ល្អ នៅ​ពេល​បច្ចុប្បន្ន​នេះ​នៅ​តាម​មូលដ្ឋាន​ភូមិឃុំ ក៏​មិន​សូវ​មាន​ធនធាន​មនុស្ស​ល្អ ដើម្បី​ចូលរួម​ចំណែក​ការងារ​នៅ​តាម​មូលដ្ឋាន​ដែរ។
មេ​ឃុំ​ជន្លាសដៃ ដែល​ចំណាយ​ពេល​ជាច្រើន​ម៉ោង​បង្ហាញ​អំពី​ការងារ​រដ្ឋបាល​ទៅ​កាន់​យុវជន​មួយ​ក្រុម លោក ប៊ុន ឈឿត មាន​ប្រសាសន៍​ថា បច្ចុប្បន្ន នៅ​ក្នុង​ឃុំ​របស់​លោក គឺ​មាន​យុវជន​តិចតួច​ណាស់​ដែល​គ្រួសារ​មាន​ជីវភាព​ធូរធារ ហើយ​ជំរុញ​ឲ្យ​កូន​បាន​បន្ត​ការ​សិក្សា​ទៅ​ថ្នាក់​ខ្ពស់។
យុវជន​ដែល​មាន​ឱកាស​បន្ត​ការ​សិក្សា​ទៅ​ថ្នាក់​ខ្ពស់​ទាំងនោះ ឃើញ​ខ្លះ​បាន​ក្លាយ​ខ្លួន​ទៅ​ជា​គ្រូបង្រៀន ខ្លះ​ជា​ប៉ូលិស និង​ខ្លះ​ជា​គ្រូពេទ្យ ក៏ប៉ុន្តែ​ធនធាន​មនុស្ស​ទាំងនោះ​មិន​បាន​វិល​ត្រឡប់​មក​ធ្វើ​ការ​នៅ​ក្នុង​ឃុំ​ដែល​ពួក​គេ​រស់នៅ​វិញ​ឡើយ។
លោក​មេ​ឃុំ​ជន្លាសដៃ ចង់​ឃើញ​យុវជន​ដែល​រស់នៅ​ក្នុង​ឃុំ​នេះ ពេល​ក្លាយ​ទៅ​ជា​ធនធាន​មនុស្ស​ដ៏​រឹងមាំ​ហើយ អាច​វិល​ត្រឡប់​មក​ជួយ​អភិវឌ្ឍ​ក្នុង​ឃុំ​របស់​ខ្លួន​វិញ៖ «ជំនាន់​ខ្ញុំ​នេះ​បម្រើ​កិច្ចការ គឺ​រៀន​ផង​ធ្វើ​ផង ព្រោះ​អត់​មាន​កម្រិត​វិជ្ជា​ច្បាស់លាស់ ថ្នាក់​ឧត្តម​សិក្សា វិទ្យាល័យ ឬ​ក៏​បាក់​ឌុប​ទេ»
ភាព​ជា​អ្នក​ដឹកនាំ​យុវជន​អាស៊ី​អាគ្នេយ៍ (YSEALI) កំពុង​សកម្ម​លើ​កម្មវិធី​នាំ​យុវជន​រស់នៅ​ទីក្រុង​ចុះ​ជួប​ជាមួយ​យុវជន​នៅ​ទី​ជនបទ ដែល​កម្មវិធី​នេះ​ឧបត្ថម្ភ​ដោយ​ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា គឺ​ក្នុង​បំណង​លើក​ទឹក​ចិត្ត ព្រម​ទាំង​ជួយ​ដល់​យុវជន​នៅ​ទី​ជនបទ​ជាច្រើន ឲ្យ​ទទួល​បាន​ឱកាស​សិក្សា​ល្អ​ប្រសើរ​ឡើង។
អតីត​មេ​ដឹកនាំ​យុវជន​អាស៊ី​អាគ្នេយ៍ អ្នកស្រី ហេង សុខហ្គិច មាន​ប្រសាសន៍​ថា ក្នុង​ការ​នាំ​យុវជន​ទីក្រុង ឲ្យ​ជួប​ជាមួយ​យុវជន​នៅ​ទី​ជនបទ​នេះ គឺ​បំណង​ចង់​ឲ្យ​ពួក​គេ​បាន​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​គ្នា ព្រម​ទាំង​ឲ្យ​យុវជន​នៅ​ទីក្រុង​ខ្លះ​ចេះ​ជួយ​ចែក​រំលែក ទាំង​ជំនាញ ចំណេះ​ដឹង ព្រម​ទាំង​សម្ភារៈ​ផង ទៅ​ឲ្យ​យុវជន​នៅ​ទី​ជនបទ ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ប្រឹងប្រែង​សិក្សា៖ «ដែល​នាំ​ឲ្យ​ជួប​គ្នា​នេះ នឹង​ឲ្យ​អ្នក​ទីក្រុង​មើល​ដែរ ថា​តើ​អ្នក​នៅ​ជនបទ​ដែល​គ្មាន​លទ្ធភាព គឺ​យើង​ជា​អ្នក​ទីក្រុង នឹង​អាច​ជួយ​អ្វី​បាន​ខ្លះ
ភាព​ជា​អ្នក​ដឹកនាំ​យុវជន​អាស៊ី​អាគ្នេយ៍ (YSEALI) ឲ្យ​ដឹង​ថា គោល​បំណង​ធំ​នៃ​កម្មវិធី​របស់​គេ គឺ​ចង់​ពង្រឹង​អំណាច​របស់​យុវជន​ខ្មែរ ពង្រឹង​សមត្ថភាព កសាង​បណ្ដាញ ដើម្បី​ឲ្យ​យុវជន​ទាំងឡាយ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​យ៉ាង​សកម្ម​លើ​ការ​អភិវឌ្ឍ​នៅ​តាម​មូលដ្ឋាន ក៏ដូចជា​សង្គម​ខ្មែរ​ទាំងមូល​សម្រាប់​អនាគត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។


ប្រភព៖ read.khmernews.today


loading...