Friday, December 9, 2016

ជនរងគ្រោះ​ម្នាក់​ដក​ថយ​ពី​ការ​ផ្ដល់​សក្ខីកម្ម​ដល់​សាលា​ក្ដី​កូនកាត់

ភ្នំពេញៈ  ជនរងគ្រោះ​ក្នុង​របប​ ប៉ុល ពត ​ម្នាក់​ដែល​ធ្លាប់​បាន​​ផ្តើម​ផ្តល់​សក្ខីកម្ម​ដំបូង​ពី​បី​ឆ្នាំ​មុន​ឥឡូវ​នេះ​បាន​បដិសេធ​មិន​ព្... thumbnail 1 summary

ភ្នំពេញៈ ជនរងគ្រោះ​ក្នុង​របប​ ប៉ុល ពត ​ម្នាក់​ដែល​ធ្លាប់​បាន​​ផ្តើម​ផ្តល់​សក្ខីកម្ម​ដំបូង​ពី​បី​ឆ្នាំ​មុន​ឥឡូវ​នេះ​បាន​បដិសេធ​មិន​ព្រម​បន្ត​ដោយសារ​តែ​ភ័យ​ខ្លាច​មាន


គ្រោះថ្នាក់​ដល់​ជីវិត​ហើយ​គាត់​ទំនង​ជា​មិន​​វិល​ត្រឡប់​មក​វិញ​ដើម្បី​ឲ្យ​សួរ​ដេញដោល​នៅ​លើ​សក្ខីកម្ម​ថ្មីៗ​ដែល​គាត់​បាន​ចាប់ផ្តើម​កាលពី​ខែ​មុន​ទេ​ខណៈ​សាលាក្តី​ខ្មែរ​ក្រហម​បាន​ទទួល​ដំណឹង​នេះ​ពី​ម្សិលមិញ​។
លោក ស សារិន ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​ម្នាក់​ក្នុង​សំណុំ​រឿង​ ០០២/០១ ​និង​ ០០២/០២ ប្រឆាំង​លោក​ នួន ជា និង​ ខៀវ សំផន ​ដែល​បាន​ចាប់ផ្តើម​ផ្តល់​សក្ខីកម្ម​នៅ​ឆ្នាំ​ ២០១៣ ​ប៉ុន្តែ​គាត់​បាន​ឈប់​ភ្លាមៗ​ដោយ​និយាយ​ថា​​មាន​ការ​ភ័យ​ខ្លាច​​ទទួល​រង​នូវ​ផលវិបាក​ពី​អ្នក​ដែល​នៅ​ស្មោះត្រង់​នឹង​របប​ខ្មែរ​ក្រហម​។
លោក​ សារិន បាន​បដិសេធ​មិន​បន្ត​ទេ​លុះត្រា​តែ​ឯកសារ​តុលាការ​បង្ហាញ​ថា​មាន «វិធានការ​ការពារ​យ៉ាង​ទូលំ​ទូលាយ​សម្រាប់​គាត់​ពោល​គឺ​ត្រូវ​ផ្តល់​ប៉ូលិស​ម្នាក់​តាម​ការពារ​ជីវិត​គាត់» ឬ ក៏​ត្រូវ​ផ្តល់​សិទ្ធិ​ជ្រកកោន​សម្រាប់​ក្រុម​គ្រួសារ​គាត់​ឲ្យ​ទៅ​រស់នៅ​ប្រទេស​ផ្សេង​។
អង្គភាព​គាំពារ​សាក្សី​ និង​អ្នក​ជំនាញ​បាន​រកឃើញ​ថា​ខណៈ​ដែល​គាត់​មាន «​ការ​ភ័យ​ខ្លាច​ទូទៅ​ពី​លទ្ធភាព​នៃ​ការ​សងសឹក» គឺ​ពួកគេ​មិន​បាន​មើល​ឃើញ​ថា៖ «តើ​មាន​ការពិត​ជាក់ស្តែង​អ្វី​ ឬ​កម្មវត្ថុ​ជា​មូលដ្ឋាន​ណា​មួយ​ដែល​បង្ក​ការ​ភ័យខ្លាច​ទេ»​។
លើស​ពី​នេះ​ទៀត​ពួកគេ​បាន​រាយការណ៍​ពី​ការ​វិល​ត្រឡប់​របស់​គាត់​ទៅ​បន្ទប់​សវនាការ​ថា​គឺ​ហាក់​ដូច​ជា «មិន​ទំនង​ដើម្បី​​ផ្តល់​លទ្ធផល​ធ្វើ​ឲ្យ​ជ្រាប​ពី​ការ​ពិត​ ឬ​ផ្តល់​ផលប្រយោជន៍​ដល់​យុត្តិធម៌​នោះ​ទេ»។
ប៉ុន្តែ​លោក​ សារិន បាន​វិល​ត្រឡប់​មក​វិញ​នៅ​ថ្ងៃ​ទី ៨​ ខែ​វិច្ឆិកា​ឆ្នាំ​នេះ​ដើម្បី​ផ្ដល់​សក្ខីកម្ម​ថ្មី​ក្នុង​ដំណាក់កាល​ទី​ពីរ​នៃ​រឿង​ក្តី​ប្រឆាំង​លោក​ នួន ជា ​និង​ ខៀវ ​សំផន។
ទោះ​ជា​យ៉ាង​ណា​បន្ទាប់ពី​ត្រូវ​បាន​ចោទ​សួរ​ដោយ​ព្រះរាជអាជ្ញា​លោក​ សារិន ​បាន​បដិសេធ​មិន​ព្រម​មក​បង្ហាញ​ខ្លួន​វិញ​ដើម្បី​ឲ្យ​មេធាវី​ការពារ​ក្តី​សួរ​នោះ​ទេ​។
ក្នុង​នាម​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​ជនរងគ្រោះ​ក្នុង​របប​នោះ​មាន​សិទ្ធិ​ទទួល​បាន​សំណង​ជំងឺ​ចិត្ត តែ​លោក​ សារិន ​មិន​អាច​ត្រូវ​បាន​គេ​បង្ខំ​ឲ្យ​មក​បង្ហាញ​ខ្លួន​ទេ​ប៉ុន្តែ​ក្នុង​នាម​សាក្សី​គឺ​អាច។
នៅ​ពេល​សួរ​ថា​ហេតុ​អ្វី​បាន​ជា​លោក​ សារិន ​ត្រូវ​ចូល​មក​​ម្ដង​ទៀត​អ្នកស្រី Marie Guiraud សហមេធាវី​ថ្លែង​ថា​មក​ដើម្បី​ផ្តល់​ពី​ប្រវិត្ត​គាត់​ និង​បើក​ផ្លូវ​​ដល់​សហមេធាវី​ភាគី​ដើម​បណ្តឹង​រដ្ឋប្បវេណី​ហើយ​លោកស្រី​បាន​បញ្ជាក់​ថា​លោកស្រី​មិន​អាច​ធ្វើ​អត្ថាធិប្បាយ​មុន​ការ​ស្នើ​ពី​បញ្ហា​នេះ​ដើម្បី​ប្តឹង​ទៅ​អង្គ​ជំនុំ​ជម្រះ​​សម្រាប់​ពិចារណា​បាន​នោះ​ទេ។
អង្គ​ជំនុំជម្រះ​​បាន​ស្នើ​ឲ្យ​មាន​ការ​សរសេរ​សំណើ​ដោយសារ​តែ​សំណួរ​ផ្នែក​ច្បាប់​​ស្មុគស្មាញ​នឹង​អ្វី​ដែល​ត្រូវ​ធ្វើ​ជាមួយ​ភ័ស្តុតាង​របស់​លោក សារិន។
លោក Victor Koppe មេធាវី​ការពារ​លោក​ នួន ជា បាន​ថ្លែង​ថា​លោក​ សារិន ​គឺជា «សាក្សី​ដំបូង​ដែល​បាន​បង្ហាញ​ខ្លួន​ក្នុង​បន្ទប់​សវនាការ​ដោយ​បាន​ផ្ដល់​ភ័ស្តុតាង​ពី​អតីត​មន្ត្រី​របស់​លោក​លន់នល់​នៅ​តំបន់​​ខាង​​កើត​ខណៈ​ពី​មុន​មិន​ធ្លាប់​មាន​» ហើយ​ភ័ស្ដុតាង​ដូច​នេះ​ធានា​ថា​អាច​កោះហៅ​លោក ​អ៊ុក ប៊ុនឈឿន មក​កាន់​សវនាការ​បាន។
លោក Koppe បាន​ឱ្យ​ដឹង​ថា​ប្រសិន​បើ​ភ័ស្តុតាង​នេះ​ត្រឹមត្រូវ​ «បុគ្គល​នោះ​គឺ​ទំនង​ជា​អ្នក​ទទួល​ខុស​ត្រូវ» ចំពោះ​ការ​សម្លាប់​ខណៈ​លោក​ ឈឿន បច្ចុប្បន្ន​នេះ​គឺជា​សមាជិក​គណៈកម្មាធិការ​កណ្តាល​គណបក្ស​កាន់​អំណាច​។
ទោះ​ជា​យ៉ាង​ណា​លោក Koppe បាន​ថ្លែង​ថា​ក្នុង​នាម​ជា​មេធាវី​គឺ​គ្មាន​ឱកាស​ស៊ើបអង្កេត​លោក​ សារិន ​លើ​សេចក្តី​ថ្លែង​របស់​គាត់​ទេ​ឯ​ភ័ស្តុតាង​ដែល​គាត់​បាន​ផ្ដល់​ឲ្យ​រួច​ហើយ​គួរ​តែ​ត្រូវ​បាន​ទាញ​យក​ពី​កំណត់ត្រា​នោះ។
មេធាវី​ការពារ​ក្តី​លោក​ ខៀវសំផន លោកស្រី Anta Guisse បាន​អះអាង​ពី​ភ័ស្តុតាង​ដោយ​ឡែក​មិន​អាច​ត្រូវ​បាន​ប្រើ​ដោយ​តុលាការ​ក្នុង​វិធី​ណា​មួយ​​ទេ​ខណៈ​ចៅក្រម Lavergne យល់​ថា​ឥរិយាបថ​លោក​​ សារិន ​ហាក់​ដូចជា «មិន​ប្រាកដ​ប្រជា»។
សវនាការ​នឹង​បន្ត​ធ្វើ​នៅ​ថ្ងៃ​សុក្រ​ទៀត៕

ប្រភព៖ postkhmer.com


loading...