Sunday, December 11, 2016

នី មុនីនាថ ធ្វើតួឯក​ជាប់​រដឹកត្បិត​ផលិតករ​ថៃ​ពេញចិត្ត

ភ្នំពេញៈ  ទន្ទឹមនឹង​លេចឮ​ព័ត៌មាន​បែប​ចចាមអារ៉ាម​ស្តីពីភាព​រកាំរកូស​មិនសូវ​រលូនល្អ នៃ​ចំណង​ស្នេហ៍​ជាមួយនឹង​បុរស​កំណាន់​ចិត្តជា​អាណិកជន​អ... thumbnail 1 summary

ភ្នំពេញៈ ទន្ទឹមនឹង​លេចឮ​ព័ត៌មាន​បែប​ចចាមអារ៉ាម​ស្តីពីភាព​រកាំរកូស​មិនសូវ​រលូនល្អ នៃ​ចំណង​ស្នេហ៍​ជាមួយនឹង​បុរស​កំណាន់​ចិត្តជា​អាណិកជន​អាមេរិក 


ខណៈ​បានឈាន​មកត្រឹម​ពិធី​ភ្ជាប់ពាក្យ តារា​សម្តែង​ស្រីមាន​រាសី​ឡើងក្រឺតៗ​កញ្ញា នី មុនីនាថ ក៏ទទួលបាន​ឱកាស​ចាប់យក​តំណែង​តួឯកថ្មី​សន្លាង​មួយទៀត​ហើយ​នៅក្នុង​វណ្ណកម្ម​ខ្សែភាពយន្ត​ភាគរឿង «នាង​នាថ​បាត់ដំបង» ជាមួយ​តារា​សម្ដែង ញ៉ែម សុគន្ធ។
ពិធីក្រុង​ពាលី​សម្ពោធ​ថតកុន​ភាគ​រឿង «នាងនាថ​បាត់ដំបង» របស់​ផលិតករ​ថៃដែល​ចងក្រង​ពី​រឿងព្រេង​និទានខ្មែរ​នៅឯ​តំបន់​ខេត្ត​បាតដំបង​ដើម្បី​ថតកុន​សម្រាប់​ចាក់ផ្សាយ​នៅ​ទូរទស្សន៍ប៉ុស្តិ៍​លេខ ៥ នោះ បានធ្វើ​ឡើង​កាលពី​ថ្ងៃទី៧ ខែធ្នូ កន្លងមក ខណៈ​តួឯក​ស្រីគឺ​កញ្ញា នី មុនីនាថ រីតួឯក​ប្រុស​វិញ​គឺលោក ញ៉ែម សុគន្ធ និង​ប្រមូលផ្តុំ​ទៅដោយ​តារា​សម្តែង​ស្រី​ប្រុសល្បីៗ​ជាច្រើនរូប​ទៀតផង។
តារា​សម្តែងស្រី ដែល​ទទួលបាន​រហស្ស​នាមពី​ទស្សនិកជន​ខ្មែរថា ជា​តារា​ស្រីទឹកភ្នែក​កញ្ញា នី មុនីនាថ ក៏បាន​បង្ហើប​ឲ្យដឹង​ពី​ដំណើរការ​ថតកុន​ថ្មី និង​អារម្មណ៍​ផ្ទាល់ខ្លួន​ដល់ ភ្នំពេញ ប៉ុស្តិ៍​បានដឹង​ដែរថា៖ «នេះ​កុនភាគ​ដែលមាន​ចំនួន ៣០ ភាគ ខណៈ​ការ​ដំណើរ​ការថត​នឹងចាប់ផ្តើម​នៅ​សប្តាហ៍​ក្រោយ​នេះឯង។ នាងខ្ញុំ​សប្បាយចិត្ត​ណាស់ ដែល​ត្រូវបាន​ខាងផលិតករ​ថៃ ជ្រើសរើស​នាង​ខ្ញុំឲ្យ​សម្តែង​ជាតួឯក​បន្តទៀត​នោះ​ហើយ​តួឯក​ប្រុសវិញ​គឺ​លោក ញ៉ែម សុគន្ធ»។
កញ្ញា នី មុនីនាថ បាន​បន្តថា៖ «ឱកាស​បានជា​តួឯក​រឿង​នាងនាថ​បាត់ដំបង​នេះ ក៏ដោយ​សារតែ​នាង​ខ្ញុំ​ធ្លាប់បាន​សម្តែង​កុនមុនៗឲ្យ​ផលិតករ​ថៃនេះដែរ ហើយក៏​ប្រាប់​ឲ្យ​ដឹងថា ពេញចិត្ត​នឹង​ការសម្តែង​របស់​នាងខ្ញុំ»។
តាម​ប្រភពពី​តារា​សម្តែង​ស្រី​មុនីនាថ ក៏បាន​ឲ្យដឹង​ដែរ ថា ចំពោះ​វណ្ណកម្ម​កុន​ភាគរឿង នាង​នាថ​បាត់ដំបង​នេះ ផលិតករ​ថៃបាន​ដាក់ទុន​ដើម្បី​ចងក្រង​ឯកសារ និង​រៀបចំ​ផលិត​ជាខ្សែភាពយន្ត​ភាគ។ រីឯ​ទីតាំង​ថត​វិញ​ក៏ត្រូវ​បានគេ​ឲ្យដឹង​ដែរថា ភាពយន្ត​នឹងផ្ដិត​យក​ទិដ្ឋភាព​ខេត្ត​ចំនួនបី​គឺ​ខេត្តបាត់ដំបង កំពង់ឆ្នាំង និង​ខេត្តកំពង់ស្ពឺ ដោយសារ​មាន​ទីតាំង​ស្ថិតនៅ​តំបន់​ភូមិសាស្ត្រ​បុរាណស៊ី​ទៅនឹង​សាច់រឿង។
គេសង្កេត​ឃើញថា តារា​សម្តែង​ស្រីស្រស់ សម្រស់​ផូរផង់​បែប​ធម្មជាតិ​រាងតូច​ច្រឡឹង​នេះ ហាក់ដូច​ជាមាន​រាសី​ឡើង​ខ្លាំង​សម្រាប់​ឱកាស​ទទួលបាន​តំណែង​ជាតួឯក​ក្នុង​ភាពយន្ត​ទាំងកុន​រឿងដុំ និង​កុនភាគ តែម្តង ហើយ​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះកញ្ញា នី មុនីនាថ ដូចជា​ថតកុន​ភាគ​រឿង «ភ្លើង​ស្នេហ៍​ភ្លើងឫស្យា» របស់​ទូរទស្សន៍ប៉ុស្តិ៍​លេខ ៥ ក្រោមការដឹកនាំ​របស់​ផលិតករ​ជាតិថៃ និង​ថត​រឿង «ម្ជុល​បាតសមុទ្រ» ទូរទស្សន៍​ស៊ីធីអិន និង​រឿងភាគ​នៅ​ទូរទស្សន៍​ភីអិនអិន ខណៈ​នាង​ក៏បាន​ឱកាស​ថតកុន​ខ្នាតធំ​រឿង «បណ្តឹង​ស្រី​ទាំង ៥» របស់​ផលិតកម្ម​មហាហង្ស​ផងដែរ។
មិនតែប៉ុណ្ណោះ​នាពេលថ្មីៗនេះ​ក៏លេចឮ​ដំណឹង​ថា នាង​កំពុងតែ​ដំឡើងថ្លៃ​ខ្លួនក្រឺតៗ តែម្តង​សម្រាប់​ការថត​កុនថ្មីៗ​ទៀតផង​ដែរ។ តែ​យ៉ាងណា ជុំវិញ​តម្លៃ​ខ្លួន​ថតកុន​ភាគ​ថ្មីរឿង «នាង​នាថ​បាត់ដំបង» របស់​ទូរទស្សន៍​ប៉ុស្តិ៍​លេខ ៥ ដឹកនាំ​ដោយ​ផលិតករ​ជនជាតិ​ថៃ នោះ​កញ្ញា នី មុនីនាថ បាន​បង្ហើប​ប្រាប់ថា៖ «រឿងនេះ នាង​ខ្ញុំអត់​មានដំឡើងថ្លៃ​ខ្លួនថត​នោះទេ​បង! គឺនាង​ខ្ញុំទទួល​ការថត​នេះ​នៅក្នុង​តម្លៃ​ធម្មតា តែប៉ុណ្ណោះ បង»៕

ប្រភព៖ postkhmer.com


loading...