Sunday, December 11, 2016

ក្រុម​ជនពិការ​នៅ​តែ​ប្រឈម​ការ​រើសអើង​សេវា​ថែទាំ​សុខភាព

ភ្នំពេញ:  ក្រុម​ជនពិការ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ជុំវិញ​ការ​ទទួល​បាន​នូវ​សេវា​សុខភាព​របស់​ពួកគេ​ខណៈ​ដែល​ពួកគេ​ជួប​ការ​លំបាក​ក្នុង​ការ... thumbnail 1 summary

ភ្នំពេញ: ក្រុម​ជនពិការ​បាន​សម្តែង​ការ​ព្រួយបារម្ភ​ជុំវិញ​ការ​ទទួល​បាន​នូវ​សេវា​សុខភាព​របស់​ពួកគេ​ខណៈ​ដែល​ពួកគេ​ជួប​ការ​លំបាក​ក្នុង​ការ​ទទួល​បាន​សេវា​ថែទាំ​ការ​រើសអើង​ និង​កង្វះ​ថវិកា​ជាដើម​។


កាលពី​ម្សិលមិញ​អង្គការ​ធ្វើការ​ពាក់ព័ន្ធ​នឹង​ជនពិការ​ក្រសួង​សុខាភិបាល​បាន​រៀបចំ​វេទិកា​ស្តីពី​ពិការភាព​ និង​សុខភាព​ដោយ​មាន​ការ​ចូលរួម​ពី​ភាគី​ពាក់ព័ន្ធ​នឹង​ក្រុម​ជនពិការ​នៅ​កម្ពុជា​ដើម្បី​បង្ហាញ​ពី​បញ្ហា​ប្រឈម​នានា​ និង​ស្វែងរក​ដំណោះស្រាយ​ក្នុង​ការ​ផ្តល់​សេវា​សុខភាព​ដល់​ជនពិការ​។
យោង​តាម​ការ​រកឃើញ​របស់​អង្គការ​ជនពិការ​កម្ពុជា​ស្តីពី​យុទ្ធសាស្រ្ត​ស្វែងរក​មតិ​គាំទ្រ​ថ្នាក់​ជាតិ​ស្តីពី​សុខភាព​ឆ្នាំ​ ២០១៦-២០១៨​ បាន​ឲ្យ​ដឹង​ថា​តាមរយៈ​បណ្តាញ​អង្គការ​តំណាង​ជនពិការ​ទាំង​ ៦៥ ​និង​វេទិកា​ស្រ្តី​បាន​រកឃើញ​ថា​បញ្ហា​ប្រឈម​ដ៏ចម្បង​របស់​ជនពិការ​គឺ​កង្វះ​ការ​ទទួល​បាន​សេវា​សុខភាព​នានា​ឫសគល់​មូលហេតុ​គឺ​កង្វះ​គុណភាព​នៃ​សេវា​ថែទាំង​សុខភាព​រួម​បញ្ជូល​ទាំង​ការ​រើសអើង​ និង​ឥរិយាបថ​មិន​មាន​ក្រម​សីលធម៌​វិជ្ជាជីវៈ​របស់​បុគ្គលិក​ថែទាំ​សុខភាព​​កង្វះ​មធ្យោបាយ​រូបវន្ត​ក្នុង​ការ​ប្រើប្រាស់​មូលដ្ឋាន​សុខាភិបាល​ និង​ការ​ទទួល​បាន​នូវ​សម្ភារ​ទំនាក់​ទំនង​ឧបសគ្គរារាំង​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​ជនពិការ​ឲ្យ​ទទួល​បាន​សេវាសុខភាព​ផ្សេងៗ​ និង​កង្វះ​ថវិកា​សម្រាប់​ការ​ថែទាំ​ជនពិការ​ និង​កង្វះ​ទីតាំង​សុខាភិបាល​។
លោក ងិន សៅរ័ត្ន នាយក​ប្រតិបត្តិ​នៃ​អង្គការ​ជនពិការ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​គុណភាព​នៃ​សេវា​ថែទាំ​សុខភាព​នៅ​តែ​ជា​ឧបសគ្គ​រារាំង​ក្នុង​ការ​ស្វែងរក​សុខភាព​សម្រាប់​ជនពិការ​ការ​រើសអើង​ក្នុង​ការ​ផ្តល់​សេវា​ថែទាំ​រួម​ទាំង​ជនពិការ​គឺ​មូលដ្ឋាន​សុខាភិបាល​គ្មាន​ទីជម្រាល​គ្មាន​បង្កាន់​ដៃ​បង្គន់​អនាម័យ​ជាដើម​។
លោក​ថា​ជនពិការ​ពួកគេ​នៅ​តែ​ចំណាយ​ថវិកា​ច្រើន​លើ​ផ្នែក​សុខភាព​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជួយ​រក​ដំណោះស្រាយ​ដើម្បី​សម្រាល​បន្ទុក​ដល់​ជនពិការ​។ លោក​បាន​ស្នើ​ទៅ​អន្តរក្រសួង​​ពាក់ព័ន្ធ​ជួយ​ផ្តល់​ដំណោះស្រាយ​ដល់​ជនពិការ​ឲ្យ​ទទួល​បាន​សេវា​ព្យាបាល​ល្អ និង​ពុំ​មាន​ការ​បង់​ថ្លៃ​ព្យាបាល​ជូន​ពួកគាត់​។
លោក​ ហេង តៃគ្រី រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ថា​ក្រសួង​កំពុង​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ចំពោះ​សេវា​សុខភាព​នេះ៕

ប្រភព៖ postkhmer.com


loading...