Sunday, December 11, 2016

វៀតណាម សុំ​អភ័យទោស​លើការ​វាយប្រហារ​លើ​ឥណ្ឌូនេស៊ី

ក្រុងហាណូយ:  អាជ្ញាធរ​កីឡាបាល់ទាត់​វៀតណាម បានសុំ​អភ័យទោស​កាលពី​ថ្ងៃ​ម្សិលមិញ ក្រោយពី​អ្នកគាំទ្រ​បានចោល​ដុំថ្ម​ទៅកាន់​រថយន្តក្រុង​របស់​ក... thumbnail 1 summary

ក្រុងហាណូយ: អាជ្ញាធរ​កីឡាបាល់ទាត់​វៀតណាម បានសុំ​អភ័យទោស​កាលពី​ថ្ងៃ​ម្សិលមិញ ក្រោយពី​អ្នកគាំទ្រ​បានចោល​ដុំថ្ម​ទៅកាន់​រថយន្តក្រុង​របស់​ក្រុម​ឥណ្ឌូនេស៊ី 


ក្នុង​រយៈពេល​ដ៏ខ្លី ក្រោយពី​ការប្រកួត​ព្រឹត្តិការណ៍ Suzuki Cup វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​របស់​ពួកគេ នៅ​ទីក្រុង​ហាណូយ ដែល​បានធ្វើ​ឲ្យ​បែកកញ្ចក់ និង​ធ្វើឲ្យ​រងរបួស​បុគ្គលិក​របស់​ក្រុមភ្ញៀវ​ចំនួន ២ នាក់។
ការប្រកួត​ជើងទី ២ នេះ ដែល​ត្រូវបាន​រៀបចំឡើង​នៅ​កីឡដ្ឋាន My Dinh កាលពី​រាត្រី​ថ្ងៃពុធ បានបញ្ចប់​ក្នុង​លទ្ធផល​ស្មើ ២-២ ក្រោយពី​ម៉ោង​បន្ថែម ១៥ នាទី​ពីរដង ដើម្បី​ធ្វើឲ្យ ឥណ្ឌូនេស៊ី ឈានទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​នឹងជ័យជម្នះ​ទាំងពីរ​ជើង​ក្នុង​លទ្ធផល ៤-៣។
ប៉ុន្តែ ខណៈដែល​ក្រុម​ភ្ញៀវ​បានចាក​ចេញពី​កីឡដ្ឋាន អ្នកគាំទ្រ​កីឡា​បាល់ទាត់​វៀតណាម​មួយក្រុម ដែល​ជិះដោយ​ម៉ូតូ បានធ្វើការ​វាយប្រហារ​ទៅលើ​រថយន្តក្រុង​របស់​ឥណ្ឌូនេស៊ី តាមរយៈ​ការចោល​ដុំថ្ម និង​វាយកម្ទេច​កញ្ចក់​យ៉ាង​ហោចណាស់​មួយ។ គ្រូបង្វឹក​ជំនួយ និង​វេជ្ជបណ្ឌិត​ប្រចាំក្រុម​ឥណ្ឌូនេស៊ី បាន​រងរបួស​ស្រាល​ក្នុងការ​វាយប្រហារ​នេះ។ នេះបើ​យោង​ទៅតាម​លោក Le Hoai Anh អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡាបាល់ទាត់​វៀតណាម កាលពី​ថ្ងៃ​ព្រហស្បតិ៍។
លោក Anh ដែល​បាន​បញ្ជាក់ថា រថយន្ត​ជំនួស​មួយគ្រឿង​ត្រូវបាន​បញ្ជូនទៅ​ដើម្បី​ទទួល​ក្រុម​ឥណ្ឌូនេស៊ី​នោះ បានឲ្យ​ដឹងថា៖ «យើង​សូម​ធ្វើការ​អភ័យទោស​ចំពោះ​ក្រុម​ឥណ្ឌូនេស៊ី សម្រាប់​ឧប្បត្តិ​ហេតុដែល​មិន​ត្រូវបាន​រំពឹងទុក​នេះ»។
អ្នកអាន​ព័ត៌មាន​ម្នាក់បាន​សរសេរ​ក្នុង​គេហទំព័រ​របស់ VNexpress ថា៖ «ចាញ់​គឺចាញ់។ កីឡាបាល់ទាត់​វៀតណាម នឹងមិន​អភិវឌ្ឍ​បានល្អ​ឡើយ ប្រសិនបើ​យើង​បន្ត​បញ្ចេញ​ឥរិយាបថ​បែបនេះ»។
ឥណ្ឌូនេស៊ី នឹង​ឈានទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​នាថ្ងៃទី ១៤ ខែធ្នូ ដែល​នៅពេល​នោះ​ពួកគេ​នឹងត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ​ថៃ ឬក៏​មីយ៉ាន់ម៉ា។ វៀតណាម បានឈ្នះ​ពាន Suzuki Cup មួយ​លើក​កាលពី​ឆ្នាំ ២០០៨ ហើយ​ឥណ្ឌូនេស៊ី បានរង​បរាជ័យ​រាល់វគ្គ​ផ្តាច់ព្រ័ត្រ​ទាំង ៤ លើក​របស់​ពួកគេ ពោលគឺ​នៅចន្លោះ​ឆ្នាំ ២០០០ ដល់ ២០១០៕

ប្រភព៖ postkhmer.com


loading...