Tuesday, December 13, 2016

ប្រេងឆៅ​ឡើង​ថ្លៃ​ដល់​ជាង ៥៦ ​ដុល្លារ

ក្រុងសិង្ហបុរីៈ  តម្លៃ​ប្រេងឆៅ​​បាន​កើនឡើង​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​ប្រទេស​រុស្ស៊ី និង​ប្រទេស​ផលិត​ប្រេង​ដទៃ​ទៀត​ដែល​មិនមែ... thumbnail 1 summary

ក្រុងសិង្ហបុរីៈ តម្លៃ​ប្រេងឆៅ​​បាន​កើនឡើង​យ៉ាង​ខ្លាំង​កាលពី​ថ្ងៃ​ចន្ទ​បន្ទាប់ពី​ប្រទេស​រុស្ស៊ី និង​ប្រទេស​ផលិត​ប្រេង​ដទៃ​ទៀត​ដែល​មិនមែន​ជា​សមាជិក​អង្គការ​ OPEC 


បាន​ព្រមព្រៀង​គ្នា​ចូលរួម​ជាមួយ​នឹង​អង្គការ​នេះ​ក្នុង​ការ​កាត់​បន្ថយ​ការផលិត​ដើម្បី​ព្យាយាម​បញ្ចប់​ការ​អូសបន្លាយ​​នៃ​ការ​ផ្គត់ផ្គង់​លើស​តម្រូវការ​នៅ​ទូទាំង​សកលលោក​ដែល​បាន​ធ្វើឲ្យ​ប្រេងឆៅ​ធ្លាក់​ថ្លៃ។
អង្គការ OPEC ដែល​មាន​ឈ្មោះ​ពេញ​ថា​អង្គការ​បណ្តា​ប្រទេស​នាំ​ចេញ​ប្រេងកាត​បាន​ប្រកាស​ថា​ប្រទេស​រុស្ស៊ី និង​ប្រទេស​មិន​ស្ថិត​នៅ​ក្នុង​អង្គការ​នេះ​ចំនួន ១០ ទៀត​កាលពី​ថ្ងៃ​សៅរ៍​បាន​ប្រកាស​ថា​ខ្លួន​នឹង​កាត់​បន្ថយ​ការ​ផលិត​របស់​ខ្លួន​ជាង​កន្លះ​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ដើម្បី​បញ្ចប់​នូវ​ការ​ធ្លាក់​ចុះ​ដ៏ខ្លាំង​នៃ​ប្រាក់​ចំណូល។
នេះ​គឺជា​លើក​ទី​មួយ​ហើយ​ចាប់​តាំងពី​ឆ្នាំ​ ២០០១ ដែល​បណ្តា​ប្រទេស​ផលិត​ប្រេង​ដែល​មិនមែន​ជា​សមាជិក​របស់​​អង្គការ OPEC បាន​ឯកភាព​គ្នា​ហើយ​ធ្វើ​តាម​កិច្ចព្រមព្រៀង​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​អ្វី​​​​ធ្វើ​ឡើង​ដោយ​អង្គការ OPEC កាលពី​ចុង​ខែ​មុន។
សមាជិក​អង្គការ OPEC បាន​ព្រមព្រៀង​គ្នា​ធ្វើការ​កាត់​បន្ថយ​ការ​ផលិត​រួម​គ្នា​ចំនួន​សរុប ១,២ លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​នៅ​ខែ​មករា​​ខាង​មុខ​នេះ។
នៅ​ប្រហែល​ជា​ម៉ោង ២ (ម៉ោង​សកល) តម្លៃ​ប្រេងឆៅ​ប្រភេទ WTI (West Texas Intermediate) នៅ​សហរដ្ឋ​អាមេរិក​បាន​កើនឡើង ២,២៨ ដុល្លារ​ដល់ ៥៣,៧៨ ​ដុល្លារ​ខណៈ​ប្រេងឆៅ​ប្រភេទ Brent បាន​ឡើង​ថ្លៃ ២,២៩ ដុល្លារ​ដល់ ៥៦,៦២ ដុល្លារ។
លោក Jeffrey Halley ជា​អ្នក​វិភាគ​ជាន់​ខ្ពស់​របស់​ក្រុមហ៊ុន OANDA បាន​ឲ្យ​ដឹង​ថា៖ «ការ​ចុះហត្ថលេខា​របស់​អង្គការ OPEC និង​ក្រុម​ប្រទេស​មិនមែន​ជា​សមាជិក​​​អង្គការ​ OPEC ទៅ​លើ​កិច្ចព្រមព្រៀង​​កាត់​បន្ថយ​ផលិតកម្ម​គឺជា​កាតាលីករ​យ៉ាង​ជាក់ច្បាស់​ដោយ​មើល​រំលង​កំណត់ត្រា​ផលិតកម្ម​ប្រេង​ខ្ពស់​បំផុត​របស់​ប្រទេស​​អារ៉ាប៊ីសាអ៊ូឌីត កាលពី​ខែ​វិច្ឆិកា»។
ប្រទេស អារ៉ាប៊ីសាអ៊ូឌីត ដែល​ជា​អ្នក​ដើរ​តួ​សំខាន់​ជាង​គេ​នៅក្នុង​អង្គការ​ OPEC ក៏​បាន​ប្រកាស​កាលពី​ចុង​សប្តាហ៍​មុន​ដែរ​ថា​ខ្លួន​នឹង​កាត់​បន្ថយ​ផលិតកម្ម​របស់​ខ្លួន​លើស​ពី​កម្រិត​ដែល​ត្រូវ​បាន​ព្រមព្រៀង​ដោយ​អង្គការ​ OPEC នៅ​កិច្ចប្រជុំ​នៅ​ទីក្រុង​វីយែន​ដែល​កាន់តែ​ជំរុញ​ដល់​​កំណើន​​តម្លៃ​ប្រេង៕
ប្រភព៖ postkhmer.com


loading...