Wednesday, December 14, 2016

ដាំកូនឈើ ៥ ពាន់ដើម​ជំរុញ​វិស័យ​អេកូ​ទេសចរណ៍

សៀមរាប:  បើយោង​តាមក្រុម​អ្នករៀបចំ​បានឲ្យ​ដឹងថា កូនឈើ​ជាង ៥ ពាន់ដើម​ត្រូវបាន​ដាំនៅ​តំបន់​ទេសចរណ៍​ថ្មីក្រៅ​ក្រុង​សៀមរាប​ក្នុងបំណង​ទាក់ទាញ... thumbnail 1 summary

សៀមរាប: បើយោង​តាមក្រុម​អ្នករៀបចំ​បានឲ្យ​ដឹងថា កូនឈើ​ជាង ៥ ពាន់ដើម​ត្រូវបាន​ដាំនៅ​តំបន់​ទេសចរណ៍​ថ្មីក្រៅ​ក្រុង​សៀមរាប​ក្នុងបំណង​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើន​មកលេង​រមណីយដ្ឋាន​ទើប​ល្បីឈ្មោះ​នេះ។

ភ្នំពើងតានន់ ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ៦០ គីឡូម៉ែត្រ​ពីក្រុង​សៀមរាប ស្ថិតក្នុង​ឃុំកោះ​ដូង ភ្ញៀវអាច​ចូលទៅ​ដល់តាម​ផ្លូវលំ​តូច និង​ចោត។ ប៉ុន្ដែ តាំងពី​ខែកក្កដា ពើងតានន់​ទទួល​ភ្ញៀវទេសច​រទាំង​ជាតិ និង​អន្ដរជាតិ​ភ្លូកទឹកភ្លូកដី។
លោក កែវ គាន ជា​បុគ្គលិក​មកពី​អង្គការ​អភិវឌ្ឍន៍ និង​ការពារបរិស្ថាន (EPDO) បាន​និយាយថា រមណីយដ្ឋាន​ថ្មីនេះ​ស្វាគមន៍​ភ្ញៀវ​ប្រមាណ ៥០០ នាក់ក្នុង​មួយថ្ងៃ។ ភាព​ទាក់ទាញ​ចម្បង​គឺជាទេសភាព​ដ៏​ស្រស់ត្រកាល​នៃភ្នំរំលេច​ដោយថ្ម​សណ្ឋាន​រូបរាងប្លែក។ ស្ថិតនៅ​ជ្រុង​មួយនៃ​រមណីយដ្ឋាន ភ្ញៀវទេសចរ​អាច​គយគន់​ជួរភ្នំ​ដងរែក និងភ្នំគូលែន ពី​ចម្ងាយ។
លោក គាន បានឲ្យ​ដឹងថា វាមាន​សណ្ឋាន​ដូចជា​ឆ្នេរ​លាតសន្ធឹង​វែង​អន្លាយ។ លោកបាន​និយាយប្រាប់​ពីតំណាង​ព្រេង​និទាន​ថា៖ «អ្នកភូមិ​នៅទីនេះ ប្រាប់ថា វា​ធ្លាប់ជា​ច្រាំង​សមុទ្រ។ បើ​លោកអ្នក​មិនជឿ អាច​ឈរលើ​ថ្ម រួចសម្លឹង​ទៅ​ទិសខាងកើត វាជា​សមុទ្រ​ធំធេង​ដែល​ព័ទ្ធជុំវិញ​ដោយ​ជួរភ្នំ។ វាពិតជា​ស្រស់ស្អាត​ណាស់។ វា​ខុសប្លែក​ពីទេសភាព​ផ្សេងៗទៀត​ដែល​លោកអ្នក​បានឃើញ​នៅក្នុង​ខេត្ដ​សៀមរាប»។
ដើម្បី​អភិវឌ្ឍ​ទីរមណីយដ្ឋាន​នេះ អង្គការ​អប់រំ​ជនបទ Bamboo Shoot បាន​សហការ​ជាមួយ​ក្រសួងបរិស្ថាន និង​អាជ្ញាធរ​លើ​គម្រោង​ដាំកូនឈើ។ ក្រុមអ្នក​ស្ម័គ្រចិត្ដ​ជិត ១៥០០ នាក់បាន​នាំគ្នា​ដាំ​កូនឈើ​ជា​លើកដំបូង​កាលពី​ពីរ​សប្ដាហ៍​មុន។ នេះបើ​យោងតាម​នាយក​អង្គការ Bamboo Shoot លោក ស៊ី សុផល។
លោក សុផល បាន​បន្ដថា គម្រោង​នេះ មានបំណង​ផ្ដល់​ប្រយោជន៍​ដល់​សហគមន៍ ជាកិច្ចខិតខំ​ប្រឹងប្រែង​មួយ​នៅក្នុង​ខេត្ដ​សៀមរាប​ដើម្បី​ផ្សារភ្ជាប់​ទេសចរណ៍​ដល់​តំបន់​ដាច់ស្រយាល។ លោក​គ្រោង​នឹងបង្កើត​ផ្សារ​សហគមន៍​សម្រាប់​ថ្ងៃអាទិត្យ​ដែល​អ្នកភូមិ​អាចលក់​ចំណីអាហារ​ជាកសិផល​របស់ខ្លួន។
លោក សុផល បាន​ពន្យល់ថា៖ «ភូមិ​ភ្នំនេះ​មាន​សក្ដានុពល​ពិសេស​សម្រាប់​វិស័យ​អេកូទេសចរណ៍។ ពួកគេ​អាចរក​ចំណូល​កាន់តែ​ប្រសើរ​មិន​ត្រឹមតែ​ជារបរ​កសិកម្ម​ប៉ុណ្ណោះទេ ប៉ុន្ដែ​ថែមទាំង​ទេសចរណ៍​ផងដែរ»។
លោក​បញ្ជាក់ថា៖ «ប្រជាជន និង​ភ្ញៀវទេសចរ​ត្រូវ​សហការគ្នា​ការពារ​ធនធានធម្មជាតិ​របស់​យើង»៕
ប្រភព៖ postkhmer.com


loading...