Sunday, December 11, 2016

ការ​សង់​ទំនប់​នៅ​ឡាវ​​កំពុង​ប៉ះពាល់​ដល់​ខ្មែរ

ស្ទឹងត្រែងៈ  សហគមន៍​ព្រះរំកិល​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់​បាន​និង​កំពុង​តែ​ទទួល​រង​ផលប៉ះពាល់​​ពី​សំណង់​ទំនប់​វារី​អគ្គិសនី​ដនសាហុង​ដោយ​បង្... thumbnail 1 summary

ស្ទឹងត្រែងៈ សហគមន៍​ព្រះរំកិល​ក្នុង​ស្រុក​ថាឡាបរិវ៉ាត់​បាន​និង​កំពុង​តែ​ទទួល​រង​ផលប៉ះពាល់​​ពី​សំណង់​ទំនប់​វារី​អគ្គិសនី​ដនសាហុង​ដោយ​បង្ក​ឲ្យ​គុណភាព​ទឹក​ប្រែប្រួល​បំផ្លាញ​ត្រីផ្សោត 


និង​វិស័យ​ទេសចរណ៍​ហើយ​ពួកគេ​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​ពិចារណា​ឡើង​វិញ​ការ​ដែល​កម្ពុជា​ឯកភាព​​ឲ្យ​ឡាវ​សង់​ទំនប់​មួយ​នេះ។
ខណៈ​ដែល​ទំនប់​វារីអគ្គិសនី​ដនសាហុង​កំពុង​ត្រូវ​បាន​សម្រុក​សាងសង់​នោះ​ក្រុម​យុវជន​បរិស្ថាន និង​សហគមន៍​ព្រះរំកិល​បាន​រកឃើញ​ថា​សកម្មភាព​សាងសង់​នោះ​កំពុង​តែ​ជះ​ផលប៉ះពាល់​អវិជ្ជមាន​ដល់​សហគមន៍​ព្រះ​រំកិល​កម្ពុជា​។
សកម្មជន​បរិស្ថាន​លោក​ ជុំ ហួត បាន​អះអាង​ថា​សកម្មភាព​​បំផ្ទុះ​ថ្ម និង​សកម្មភាព​សាងសង់​​ទំនប់​នោះ​កំពុង​តែ​ធ្វើ​ឲ្យ​ទឹកទន្លេ​មេគង្គ​មាន​ការ​ប្រែប្រួល។ លោក​ថា​តាម​ធម្មតា​ទឹកទន្លេ​នៅ​រដូវ​នេះ​ថ្លា​ប៉ុន្តែ​វា​បែរ​ជា​នៅ​ល្អក់​ដដែល​ហើយ​ក្នុង​រយៈពេល ២ ទៅ​ ៣ ខែ​ចុងក្រោយ​នេះ​ការ​នេសាទ​ត្រី និង​ការ​ដឹក​ភ្ញៀវ​ទេសចរ​របស់​សហគមន៍​កំពុង​តែ​ទទួល​រង​ការ​​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ។ លោក​បាន​បញ្ជាក់​ថា៖ «ជា​រៀងរាល់​ម៉ោង ៨-៩ យប់​គេ​បំផ្ទុះ​ថ្ម​ហើយ​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ទឹក​ទន្លេ​យើង។ ទឹក​មាន​ការ​ប្រែប្រួល​ខ្លាំង​ណាស់។ ផ្សោត​គឺ​លែង​មាន​ហើយ។ ការ​នេសាទ​ត្រី​ធ្លាក់​ចុះ​ខ្លាំង​មែនទែន​ឥឡូវ​​នេះ»។ លោក​បន្ថែម​ថា​សហគមន៍​ប្រកប​មុខរបរ​ដឹក​ភ្ញៀវ​ទេសចរ​ដើម្បី​ដោះ​បំណុល​ធនាគារ​ប៉ុន្តែ​ឥឡូវ​​នេះ​គ្មាន​ទេសចរ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​បាត់បង់​ការងារ។
សកម្មជន​បរិស្ថាន​ម្នាក់​ទៀត​ឈ្មោះ​ ឈុំ កន្និការ​ អាយុ ២៣ ​ឆ្នាំ​ដែល​បាន​ចុះ​ទៅ​មើល​ទំនប់​នោះ​កាលពី​ថ្ងៃ​អង្គារ​បាន​ថ្លែង​ថា​សំណង់​ទំនប់​នោះ​បាន​សម្រេច​ប្រមាណ​ជា​ ៤០ ​ភាគរយ​​ហើយ។ កញ្ញា​ថា​ក្រៅ​ពី​បំផ្ទុះ​ថ្ម​ក៏​មាន​ការ​បើក​ភ្លើង​បំភ្លឺ​ការដ្ឋាន​ពេល​យប់ៗ​ផង​ដែរ ដែល​ធ្វើ​ឲ្យ​រំខាន​ដល់​សត្វ​ផ្សោត​ហើយ​ពួក​វា​ក៏​បាន​បំផ្លាស់​ទី​ទៅ​កន្លែង​ផ្សេង។ កន្និការ​លើក​ឡើង​ថា៖ «ពី​មុន​ផ្សោត​ឃើញ​មាន​ ៧ ​ក្បាល​ក្រោយ​មក​នៅ​សល់​ ៣ ​ក្បាល​ហើយ​ចុង​ក្រោយ​នេះ​អត់​ឃើញ​មាន​ទេ។ វា​ថ្លង់ និង​ចាំង​ភ្លើង​បំភ្លឺ​ខ្លាំង​ពេល​យប់ៗ​​ផ្សោត​រត់​ចេញ​អស់។ ភ្ញៀវ​ទេសចរ​ទៅ​មើល​ផ្សោត បើ​អត់​ផ្សោត​ក៏​អត់​ទេសចរ​ដែរ»។
លោក​ ហែម ឧត្តម អ្នក​ស្រាវជ្រាវ​ឯករាជ្យ និង​ជា​អ្នក​ពិគ្រោះ​យោបល់​ផ្នែក​អភិវឌ្ឍន៍​ទំនប់​វារីអគ្គិសនី​បាន​ចុះ​ទៅ​មើល​ទំនប់​​ដនសាហុង​កាលពី​ខែ​តុលា​កន្លង​មក។ លោក​ថ្លែង​កាលពី​ម្សិលមិញ​ថា​សកម្មភាព​សាងសង់​នោះ​ពិត​ជា​អាច​បង្ក​ការ​ប៉ះពាល់​ដល់​សត្វ​ផ្សោត​ប្រាកដ​មែន​ពិសេស​គឺ​ទៅ​លើ​សោត​វិញ្ញាណ​របស់​វា​ក៏​ដូចជា​ការ​រក​ចំណី។ លោក​ថា​ពេល​លោក​ចុះ​ទៅ​នោះ​ក៏​មិន​ឃើញ​វត្តមាន​សត្វ​ផ្សោត​នោះ​ដែរ។
នៅ​កិច្ចប្រជុំ​កំពូល​កម្ពុជា ឡាវ និង​វៀតណាម (CLV) លើក​ទី​ ៩ ក្នុង​ខេត្ត​សៀមរាប​កាលពី​ខែ​វិច្ឆិកា​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​ចូលរួម​ទាំង ៣ ​ប្រទេស​ថា​រដ្ឋាភិបាល​កម្ពុជា​គាំទ្រ​ចំពោះ​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដនសាហុង​នោះ​ដោយ​សង្ឃឹម​ថា​ភាគី​ឡាវ​លក់​ភ្លើង​ដែល​នឹង​​ផលិត​ពី​ទំនប់​នោះ​មក​កម្ពុជា​ក្នុង​​តម្លៃ​ថោក​ទៀត​ផង។
ទោះ​យ៉ាង​ណា​លោក ​ជុំ ហួត នៅ​តែ​សង្ឃឹម​ថា​ប្រមុខ​រដ្ឋាភិបាល​នឹង​គិតគូរ​ពី​បញ្ហា​នេះ​ឡើង​​វិញ​ដើម្បី​ផ្តល់​ជា​ដំណោះស្រាយ​ដល់​សហគមន៍​ដែល​ទទួល​រង​ផលប៉ះពាល់។ លោក​ ជុំ ហួត​ លើក​ឡើង​ថា​តាម​កិច្ចព្រមព្រៀង​គណៈកម្មការ​ទន្លេ​មេគង្គ​កម្ពុជា​អាច​តវ៉ា​ហើយ​ទាមទារ​សំណង​ឲ្យ​សហគមន៍​ដែល​ទទួល​រង​ផលប៉ះពាល់។ លោក​ថា៖ «ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​ព្រោះ​សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​​គាំទ្រ​ទំនប់​នេះ។ យើង​​ខ្ញុំ​ឈឺចាប់​ចង់​យំ។ សំណូមពរ​ដល់​សម្តេច​ឲ្យ​ឈប់​គាំទ្រ​គម្រោង​នេះ។ ទាល់តែ​សម្តេច​ ហ៊ុន សែន ​ទៅ​ឃើញ​ផ្ទាល់​បាន​ដឹង»។ ក្រៅពី​សំណូមពរ​ដល់​រដ្ឋាភិបាល​ក្រុម​សកម្មជន​បរិស្ថាន​ក៏​កំពុង​តែ​រៀបចំ​ឯកសារ​ដាក់​ទៅ​សុំ​អន្តរាគមន៍​ពី​អង្គការ​អន្តរជាតិ​មួយ​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​ផង​ដែរ។
លោក​ ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បាន​ថ្លែង​​ថា​កម្ពុជា​ដែល​ទទួល​ផល​ពី​ទន្លេ​មេគង្គ​ផ្នែក​ខាង​ក្រោម​នេះ​នៅ​តែ​មាន​សិទ្ធិ​តវ៉ា​ពី​រឿង​នេះ​តាមរយៈ​ក្រសួង​ការបរទេស​ព្រោះ​ថា​ទំនប់​នេះ​គឺ​មិន​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​កម្ពុជា​នោះ​ទេ។ លោក​បាន​ស្នើឲ្យ​សកម្មជន​បរិស្ថាន ឬ​សហគមន៍​ដាក់​ជា​លិខិត​ស្នាម​ទៅ​រដ្ឋាភិបាល​ក្នុង​ការ​ស្វះស្វែង​រក​អន្តរាគមន៍​ណា​មួយ។
លោក​ ជុំ ហួត អះអាង​ថា​ប្រជាសហគមន៍ និង​សកម្មជន​បរិស្ថាន​ក៏​កំពុង​តែ​មាន​ការ​ព្រួយបារម្ភ​ពី​បញ្ហ​សុវត្ថិភាព​ហើយ​ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​ចូល​ទៅ​មើល​ទំនប់​នោះ​ទៀត​ទេ។
លោក អ៊ុន ចក្រី ប្រធាន​ផ្នែក​ទំនាក់ទំនង​របស់​អង្គការ WWF កម្ពុជា​ដែល​ធ្វើការ​អភិរក្ស​សត្វ​ផ្សោត​ជាប់ប្រជុំមិនអាចធ្វើ​អធិប្បាយបានទេកាលពីម្សិលមិញ​។
ទំនប់​វារីអគ្គិសនី​ដនសាហុង​ដែល​មាន​កម្លាំង ២៦០ មេហ្គាវ៉ាត់​គឺជា​គម្រោង​ទំនប់​វារីអគ្គិសនី​មួយ​ក្នុង​ចំណោម​​ទំនប់​ចំនួន ១២ នៅ​អាង​ទន្លេ​មេគង្គ​ក្រោម។ ការ​សាងសង់​បាន​ចាប់ផ្តើម​កាលពី​ដើម​ឆ្នាំ​នេះ​ដោយ​ក្រុមហ៊ុន ម៉ាឡេស៊ី​ MFCB មាន​ភាគហ៊ុន (៧០ ភាគរយ) និង JIM Corporation (៣០ ភាគរយ) ក្នុង​គម្រោង​ទឹកប្រាក់ ៣០០ លាន​ដុល្លារ។ ទំនប់​នេះ​មាន​ចម្ងាយ​តែ​ជាង ១ ​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​ព្រំប្រទល់​កម្ពុជា-ឡាវ​៕

ប្រភព៖ postkhmer.com


loading...