Friday, December 9, 2016

យ៉ែម សំអូន ​ស្កាត់​ជួប​កូន​ ​ពេល​អតីត​ភរិយា​​មក​លេង​ស្រុក

ភ្នំពេញៈ  ខណៈ​ខ្លួន​លែង​​មាន​ឱកាស​បាន​​ជួប​​មុខ​​កូន​ស្រី​សំណព្វ​ចិត្តផ្ទាល់​ជាង​១​​ឆ្នាំ​ហើយ​ ​ដែល​​​​ធ្លាប់​សម្តែង​​​អារម្មណ៍​​​ក្រៀម... thumbnail 1 summary


ភ្នំពេញៈ ខណៈ​ខ្លួន​លែង​​មាន​ឱកាស​បាន​​ជួប​​មុខ​​កូន​ស្រី​សំណព្វ​ចិត្តផ្ទាល់​ជាង​១​​ឆ្នាំ​ហើយ​ ​ដែល​​​​ធ្លាប់​សម្តែង​​​អារម្មណ៍​​​ក្រៀម​ក្រំ​ចិត្ត​ដ្បិត​នឹក​​រឭក​​កូន ​​

កំពុង​តែ​រស់​នៅ​ឯ​​ទឹក​ដី​ប្រទេស​អូស្រ្តា​លី​​​នោះ​​ ក៏​ស្រាប់​​តែ​​​តារា​ចម្រៀង​ប្រុស និង​ម្ចាស់​ផលិត​កម្ម​ Dara Entertainments លោក យ៉ែម សំអូន ហាក់​​​មាន​​​ភាព​ស្រស់​​​ស្រាយ​ចិត្ត​បន្តិច​ព្រោះ​បាន​ជួប​កូន​ស្រី​​ដោយ​សារ​អតីត​ភរិយា​អ្នកនាង យ៉ាន លីន​ដា បាន​​នាំ​កូន​ស្រី​ និង​ឪពុក​​ម្តាយ​មក​ស្រុក​ខ្មែរ​​​​ថ្មីៗ​នេះ។​​
Content image - Phnom Penh Post
​លោក យ៉ែម សំអូន។ រូបថត ស៊ូ វុទ្ធី​
មើល​​ទៅ​អារម្មណ៍​ពុះ​កញ្ជ្រោល​នឹក​​កូន​ស្រី​របស់​​លោក យ៉ែម សំអូន​ គឺ​ពិតជា​មហិមា​​ណាស់ ​​​បើ​ពិនិត្យ​តាម​រយៈ​សារ​​បង្ហោះ​​លើ​ហ្វេសប៊ុក​ផ្ទាល់​ខ្លួន​ពេល​បាន​ជួប​កូន​ស្រី​មាន​វ័យ ​១៥​ ឆ្នាំ ឈ្មោះ យ៉ែម វេរ៉ូនីកា ដែលជា​ចំណង​ស្នេហ៍​នៃ​សម្ព័ន្ធ​ភាព​ជា​ប្តី​ប្រពន្ធ​​ដ៏​ល្អ​ដែល​អ្នក​ទាំងពីរ​បាន​ខិត​ខំ​​ថែរក្សា​​រហូត​ទទួល​​បាន​ការ​កោត​សរសើរ​ពី​មហា​​ជន​ថា ជា​គូ​ស្នេហ៍​គំរូ​បាន​ប្រហែល​​ជាង ១៤​ ឆ្នាំ​ទៅ​ហើយ​នោះ​ តែ​បែរ​ជា​បាន​បក់​បោក​រសាត់​ដាច់​ដោយសារ​​ស្បៃ​អន្ធការ​បង្ក​ឡើង​ដោយ​​រឿង​អាស្រូវ​ស្វាមី​ប្រើ​ហិង្សា​ និង​ដំណឹង​ចចាម​អារ៉ាម​​ថា ​ប្ដី​មាន​ស្នេហា​ជាមួយ​​ប្រុស​ដូច​គ្នា ហើយ​កាត់​ផ្តាច់​ពួក​គេ​ឲ្យ​ឃ្លាត​ឆ្ងាយ​ពីគ្នា​អស់​រយៈ​ពេល​ជាង​ ១ ​ឆ្នាំ មក​ហើយ​រវាង​លោក និង​អ្នក​នាង យ៉ាន លីនដា។
​លោក យ៉ែម សំអូន​ ក៏​បាន​បង្ហោះ​នូវ​សារ​ត្រេក​អរ​ចិត្ត​ ដែល​អម​ដោយ​រូប​ថត​ជាមួយ​កូន​ស្រី​ប៉ុន្មាន​សន្លឹក​​នោះ​ភ្លាមៗ​ថា​៖ «ថ្ងៃ​នេះ​ការ​ងារ​រវល់​ស្ទើរ​ដក​ឃ្លា​ ដក​ដង្ហើម​មិន​ដល់​គ្នា តែ​អារម្មណ៍​ហត់​នឿយ​ បែរជា​ត្រូវ​រសាយ​ជាមួយ​ថាម​ពល​ ដង្ហើម​ជីវិត​របស់​ខ្ញុំ​ សប្បាយ​ចិត្ត​ពេល​បាន​ជួប​ម្ចាស់​ជីវិត​របស់​ខ្ញុំ​។ កូន​ជា​កម្លាំង​ចិត្ត​ ដែល​ធ្វើ​ឲ្យ​ប៉ាប៉ាស៊ូ និង​ខំ​ប្រឹង​បន្ថែម​ទៀត។ Happy to see you my only princess @ronnyyem​»។
ដោយ​ឡែក​ ​មុន​ពេល​ទៅ​ជួប​កូន​ស្រី​ ខណៈ​បាន​ដឹង​ថា អតីត​ភរិយា​របស់​លោក​គឺ​អ្នក​នាង យ៉ាន លីន​ដា បាន​នាំ​កូន​ស្រី និង​ឪពុក​ម្តាយ​ មក​កាន់​ទឹក​ដី​កម្ពុជា ដើម្បី​សម្រាក​លម្ហែអារម្មណ៍ និង​ធ្វើ​សកម្ម​​ភាព​​សប្បុរស​ធម៌ ដោយ​​ស្នាក់​នៅ ​១ ​ខែ​ ហើយ​ភ្នំពេញ​ប៉ុស្តិ៍​ក៏​បាន​ទាក់​ទង​សាក​សួរ​លោក​ក្នុង​គោល​បំណង​ថា​តើ​លោក​មាន​គម្រោង​ចង់​ទៅ​ជួបកូន​ស្រី​ដែរ​ឬទេ​?​ លោក យ៉ែម សំអូន បាន​ទទួល​ទូរស័ព្ទ​ ហើយ​និយាយ​បែប​សំណូម​ពរ​ថា៖ «ខ្ញុំ​នឹង​ទៅ​ជួបនាង​​នៅ​ថ្ងៃ​នេះ [​ទី​៥​ធ្នូ] តែ​សុំ​ចិត្ត​ខាង​បង​មេត្តា​កុំ​ចុះ​ផ្សាយ​រឿង​នេះ​ធ្វី​​អី​!»។ លុះ​​ក្រោយ​មក​​ក៏​ស្រាប់​តែ​សរសេរ​សារ​រៀប​រាប់​ពី​អារម្មណ៍​នឹក​រឭក​កូន​តាម​​បណ្តាញ​សង្គម​យ៉ាង​បើក​ចំហ។
ថ្ងៃ​ដដែល​នោះ​ភ្នំពេញ​ប៉ុស្តិ៍​ក៏​ទទួល​បាន​ការ​តប​សារ​តាម​​ Chat ពី​អ្នក​នាង យ៉ាន លីនដា ​ចំពោះ​​សំណួរ​សួរ​ថា តើ​អ្នក​នាង ហាម​ឃាត់ ឬ​អនុញ្ញាតឲ្យ​កូន​ស្រី​ជួប​នឹង​ប៉ាប៉ា​របស់​​នាង​ដែរ​ឬ​ទេ​? អ្នក​នាង​ ​តប​ថា៖ «ចំពោះ​រូប​នាង​ផ្ទាល់​មិន​ហាម​ឃាត់​កូនស្រី​ឡើយ។ តែ​ការ​ចង់​ទៅ​ជួប​ ឬ​មិន​ចង់​ជួប​គឺ​អាស្រ័យ​លើ​ការ​សម្រេច​ចិត្ត​របស់​កូន​ស្រី​របស់​នាង​ផ្ទាល់​តែ​ប៉ុណ្ណោះ»។
យ៉ាង​ណា ​លោក យ៉ែម សំអូន ​បាន​បង្ហោះសារ​ត្អូញ​ត្អែរ​ថា​៖ «ជីវិត​អ្នក​សិល្បៈ​ដូច​ខ្ញុំ​ និង​អ្នក​មួយ​ចំនួន​ទៀត​ត្រូវ​ទទួល​រង​គ្រប់​ទង្វើ​ កាយ​វិការ​ និង​ពាក្យ​ពេចន៍​ សុទ្ធ​តែ​ជា​មនុស្ស​ដែល​ពូកែ​សម្តែង។ ប៉ុន្តែ​ខ្ញុំ​ចង់​ប្រាប់​បង​ប្អូន​ថា អ្នក​សិល្បៈ​ និង​មនុស្ស​ទូទៅ​គឺ​សុទ្ធ​សឹង​តែ​ជា​មនុស្ស​ ដែល​មាន​ការ​គិត​ មាន​បេះដូង​ និង​មាន​ភាព​ឈឺ​ចាប់​ សប្បាយ​រីក​រាយ​ដូច​តែ​គ្នា​ទេ។ មិន​មែន​កាយ​វិការ​គ្រប់​យ៉ាង​ធ្វើ​ទៅ​សុទ្ធ​សម្តែង​ទាំង​អស់​នោះ​ទេ​។ គុណ​វិបត្តិ​ និង​​សេចក្តី​ថ្លៃ​ថ្នូរ​របស់​អ្នក​សិល្បៈ​គឺ​មាន​ខុសៗ​គ្នា និង​អរគុណ​បង​ប្អូន​ដែល​គាំទ្រ​សិល្បៈ​ខ្មែរ​យើង»៕
ប្រភព៖ postkhmer.com


loading...