Wednesday, November 30, 2016

​ប្រិយមិត្ត​នឹង​បាន​ជួប James & Bella ដោយផ្ទាល់ និង​ក្នុង​ខ្សែភាពយន្ត​ថ្មី​របស់​ពួកគេ ក្នុងពេល​តែមួយ

ក្នុងពេល​តែមួយ ទូរទស្សនិកជន​នឹង​បាន​ជួប​ជាមួយ​កំពូល​តារា​សម្តែង James Jirayu និង Bella Ranee ដោយផ្ទាល់​នៅ​ផ្សារ​ទំនើប​អ៊ី​អន និង​នៅក្នុ... thumbnail 1 summary

ក្នុងពេល​តែមួយ ទូរទស្សនិកជន​នឹង​បាន​ជួប​ជាមួយ​កំពូល​តារា​សម្តែង James Jirayu និង Bella Ranee ដោយផ្ទាល់​នៅ​ផ្សារ​ទំនើប​អ៊ី​អន និង​នៅក្នុង​រឿង​ភាគ​ថ្មី​របស់​ពួកគេ ដែល​ប្រកបដោយ​គុណភាព​រូបភាព Full HD ភ្លឺ​ច្បាស់ បូកផ្សំ​នូវ​បច្ចេកទេស​បញ្ចូល​សំឡេង​យ៉ាង​ទំនើប នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន​តែមួយគត់​។ 
James & Bella នឹងធ្វើ​ដំណើរ​មកកាន់​ទឹកដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជួប​ជាមួយ​ប្រិយមិត្ត​របស់ខ្លួន ក្នុង​កម្មវិធី​ដែល​រៀបចំ​ដោយ​ស្ថានីយទូរទស្សន៍​ភី​អិន​អិន មាន​ឈ្មោះថា «​វេទិកា​តារា​ថៃ​ប្រចាំ​PNN ២០១៦» នៅ​ថ្ងៃអាទិត្យ ទី​៩ ខែតុលា ឆ្នាំ​២០១៦ ខាងមុខនេះ​។ 

​ជាមួយគ្នា​នោះដែរ រឿង​ភាគ​ដ៏​ថ្មី​សន្លាង​របស់​អ្នក​ទាំងពីរ «​ភរិយា​បណ្តូលចិត្ត​» ដែលជា​រឿង​ភាគ​ថៃ​ដ៏​ល្បី​ប្រចាំឆ្នាំ​២០១៦ ក៏​នឹង​ត្រៀម​ចាក់​បញ្ចាំង​នៅថ្ងៃនោះ​ផងដែរ នៅលើ​កញ្ចក់​ទូរទស្សន៍​ភី​អិន​អិន​។​

​កញ្ញា ទូច បុប្ផា ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​របស់​ភី​អិន​អិន បាន​ឲ្យ​ដឹងថា​៖ «​ដោយ​យើង​ពិនិត្យឃើញថា លោក James គឺជា​តារា​លំដាប់​ជួរមុខ​ប្រចាំ​ប្រទេស​ថៃ ថែមទាំង​ជា​ដៃគូ​សម្តែង​ដ៏​សាក​សម​បំផុត​ជាមួយ​កញ្ញា Bella ទើប​ភី​អិន​អិន អញ្ជើញ​តារា​ទាំងពីរ​មកជួប​ប្រិយមិត្ត​កម្ពុជា​ដែល​គាំទ្រ​ការសម្តែង​របស់​ពួកគាត់​»​។  


ប្រធាន​ផ្នែក​កម្មវិធី​ផ្សាយ​រូបនេះ បាន​បន្ថែម​ផងដែរ​ថា​៖ «​ស្របពេល​នេះដែរ​យើង​ក៏​នឹង​ចាក់​បញ្ចាំង រឿង​ភរិយា​បណ្តូលចិត្ត ដែលមាន​តារា​ទាំងពីរ​សម្តែង​រួមគ្នា ដោយ​ខ្លឹមសារ​នៃ​រឿង​ភរិយា​បណ្តូលចិត្ត គឺមាន​លក្ខណៈ​យ៉ាង​ពិសេស​ដោយ​បង្កប់​នូវ​ពាក្យ​ដំបូន្មាន​ល្អៗ​ពី​ម្តាយ​ទៅកាន់​កូនប្រុស ដើម្បី​ជា​គំនិត​ពិចារណា​មួយ​ក្នុងការ​ជ្រើសរើស​មនុស្ស​ស្រី​មាន​លក្ខណៈសម្បត្តិ​គ្រប់គ្រាន់​មក​ធ្វើជា​ភរិយា ព្រមទាំង​បង្ហាញ​ឲ្យ​មនុស្ស​ស្រី​គ្រប់រូប​ត្រូវ​ចេះ​ប្រើ​ទឹកចិត្ត​ស្មោះសរ និង​ភាព​អំណត់​អត់ធ្មត់​ដើម្បី​ជា​ភរិយា​ល្អ និង​នាំនូវ​សុភមង្គល​ដល់​ក្រុមគ្រួសារ ភី​អិន​អិន​សង្ឃឹមថា​ទស្សនិកជន​នឹង​បាន​រីករាយ​កំសាន្ត​ជាមួយ​ខ្សែភាពយន្ត​ដ៏​ល្អ​នេះ​»​។​

«​ភរិយា​បណ្តូលចិត្ត​» នឹង​ចាក់ផ្សាយ​នៅ​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍ ដល់​ថ្ងៃអាទិត្យ វេលា​ម៉ោង​៩​យប់ ចាប់ពី​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៦ តទៅ បន្ទាប់ពី​រឿង ផ្កា​កំភ្លឹង​ស៊ី​ជម្ពូ​។  

«​ភរិយា​បណ្តូលចិត្ត​» ជា​រឿង​ភាគ​ស្នេហា រវាង​ប្រុស​ស្រី​មួយគូ ដែល​សម្រេចចិត្ត​រៀបការ​ជាមួយគ្នា​ដោយ​មិនមាន​មនោសញ្ចេតនា​នឹង​គ្នា​ឡើយ តែ​ពួកគេ​ធ្វើ​ដោយសារតែ​ជាការ​សន្យា​រវាង​ចាស់ៗ​ទាំងសងខាង ស្របពេល​ដែល​តួ​ប្រុស​បាន​បែកបាក់​ស្នេហា​របស់ខ្លួន​ជាមួយនឹង​មនុស្ស​ស្រី​ម្នាក់​មុន​។ 

​ដើម្បី​បង្ហាញ​ការដឹងគុណ​ចំពោះ​ឪពុកចិញ្ចឹម Rin Rapee សម្តែង​ដោយ Bella បាន​យល់ព្រម​បន្លំ​ខ្លួន​ធ្វើជា​កូនបង្កើត ហើយ​រៀបការ​ជាមួយ Saran សម្តែង​ដោយ James ទៅតាម​សន្យា​រវាង​ឪពុក​ពួកគេ​កាលពីមុន​។ ដោយសារ​គាត់​ធ្លាប់​រង​ការឈឺចាប់​រឿង​ស្នេហា​កាលពីមុន Saran ក៏​ក្លាយជា​បុរស​ដែល​គ្មាន​ចិត្តមេត្តា​។ 

​ទោះបី​គាត់​បានដឹងថា​គ្រួសារ​ក្លែងក្លាយ​របស់ Rin បោក​គាត់ ក៏​គាត់​មិន​ប្រគល់​ប្រពន្ធ​របស់គាត់​ឲ្យ​ទៅ​គ្រួសារ​គេ​វិញ​ដែរ ព្រោះ​គាត់​យល់ឃើញថា​នាង​មាន​សម្រស់​ស្រស់ស្អាត ហើយ​មាន​សណ្តាន​ចិត្តល្អ​។​


​ក្តី​ស្រលាញ់​ក៏​ចាប់ផ្តើម​កើតមាន​បន្តិច​ម្តងៗ ប៉ុន្តែ​មិនយូរប៉ុន្មាន​សេ្ន​ហារ​បស់​ពួកគេ​ត្រូវបាន​ពិសោធន៍ ដោយ​Duansawad អតីត​គូស្នេហ៍​ចាស់​របស់គាត់​បាន​ត្រឡប់​មករក​គាត់​វិញ ស្រប​ពេលដែល Rin មាន​អារម្មណ៍​ថា​ខ្លួន​បានធ្វើ​ខុស​ដែល​លាក់បាំង​ការពិត​ជាមួយ​Saran​ពី​រឿង​ដែល​ខ្លួន​មិនមែនជា​កូនបង្កើត​។​

James និង​Bella បាន​ចាប់​ដៃគូ​សម្តែង​ជាមួយគ្នា​ចំនួន​ពីរ​រឿង​រួចមកហើយ​។ ក្នុងចំណោម​នោះ​រឿង​ភរិយា​បណ្តូលចិត្ត ត្រៀម​នឹង​ចាក់​បញ្ចាំង​នៅ PNN នៅ​ថ្ងៃទី​៩ ខែតុលា ឆ្នាំ​២០១៦ វេលា​ម៉ោង ៩​យប់ ខាងមុខនេះ​។ 

PNN ជា​ស្ថានីយទូរទស្សន៍​ថ្មី និង​ទំនើប​បំផុត​នៅក្នុង​ប្រទេស​កម្ពុជា បាន​ចុះកិច្ចសន្យា​ផ្ដាច់មុខ​មួយ​កាលពី​ខែឧសភា ឆ្នាំ​២០១៥ ក្នុងការ​ទទួលបាន​សិទ្ធិ​ចាក់ផ្សាយ​ខ្សែភាពយន្ត​ភាគ​ល្បីៗ និង​ថ្មីៗ​បំផុត​របស់​ស្ថានីយ៍ទូរទស្សន៍​ប៉ុស្តិ៍​លេខ​៣​ថៃ​៕ 


​ទស្សនា​ឈុត​ខ្លី​រឿង ភរិយា​បណ្តូលចិត្ត សូម​ចុច​៖ 




loading...