Tuesday, November 29, 2016

ឋានសួគ៌​ក្រោម​ដី ផុង​ញ៉ា​កេ​បាង​

រូង​ធម្មជាតិ​ដែលមាន​ទំហំ​ធំ​បំផុត​ក្នុង​លោក ជា​ឋានសួគ៌​លើដី​មួយ​ដែល​ធ្លាប់​រស់នៅក្នុង​ភាពអាថ៌កំបាំង​ជាទីបំផុត​មុន​នឹងមាន​មនុស្សរ​កវា​ឃ... thumbnail 1 summary

រូង​ធម្មជាតិ​ដែលមាន​ទំហំ​ធំ​បំផុត​ក្នុង​លោក ជា​ឋានសួគ៌​លើដី​មួយ​ដែល​ធ្លាប់​រស់នៅក្នុង​ភាពអាថ៌កំបាំង​ជាទីបំផុត​មុន​នឹងមាន​មនុស្សរ​កវា​ឃើញ​ដោយ​ចៃដន្យ ។
បច្ចុប្បន្ននេះ​វា​ជា​រូង​ធម្មជាតិ​ដ៏​អស្ចារ្យ​បំផុត និង​ជា​ឧទ្យាន​ជាតិ​មួយ​ដែល​កំណត់​ចំនួន​មនុស្ស​ចូល​ទស្សនា តែ​៥០០​នាក់​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ។ ឧទ្យាន​ជាតិ​ផុង ញ៉ា កេ​បាង​ស្ថិតនៅក្នុង ប្រទេស​វៀតណាម ក្បែរ​ព្រំប្រទល់​ជាមួយ​ប្រទេស​ឡាវ ។ រូង​នេះ​មាន​ចំណុច​ខ្ពស់បំផុត​ដល់​ទៅ​ជាង​២០០​ម៉ែត្រ​ពី​ដី និង​ទំហំ​ធំ​ស្មើ​ប្លុក​ទីក្រុង​ញូវយ៉ក មួយ​ទាំងមូល​ហើយ​វា​ជាការ​បង្កើតឡើង​ដ៏​ល្អ​ឯក​មួយ​របស់​មាតា​ធម្ម​ជាតិ ដែល​ផ្តល់​ភាព​ពិសេស​ដល់​រូង​នេះ​ខុសពី​ទីណា​ទាំងអស់​ក្នុង​លោក ។​


​វា​ត្រូវបាន​គេ​ចាត់ទុកជា​កន្លែង​ដ៏​ល្អ​បំផុត​ក្នុង​លោក​កន្លែង​ដែលមាន​ធម្មជាតិ ដ៏​សម្បូរបែប និង​ស្រស់បំព្រង​មួយ​ដែលមាន​ទាំង​ទន្លេ​ក្រោម​ដី រុក្ខជាតិ និង​ថ្មកំបោរ​ផ្សេងៗ​ជាដើម ។​រូង​ធម្មជាតិ​ដ៏​អស្ចារ្យ​មួយ​នេះ​ត្រូវបាន​រកឃើញ​ដំបូង​ឡើយ ដោយ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​ឈ្មោះ ហូ ខា​ញ់ ។​ដំណើររឿង​នៃ​ការប្រទះឃើញ​នេះ​គ្រាន់​ជាការ​ចៃដន្យ​ប៉ុណ្ណោះ ដែល​ក្នុងពេលនោះ​លោក​កំពុងតែ​ដើររក​អាហារ និង​កន្លែង​ជ្រក​ដើម្បី​គេច​ពី​ព្យុះ ។
​ក្នុង​ដំណើរ​លើក​នោះ​លោក​ក៏​ប្រទះឃើញ​មាត់ច្រក​មួយ តែ​លោក​មិនដឹងថា​ជា​កន្លែង​អ្វី​ទេ ដូច្នេះ​លោក​ក៏​ចូលទៅ​សាក ។ ពេលនោះ​ហើយ ដែល​លោក​ប្រទះឃើញ​ពិភពលោក​ថ្មី បែប​ធម្មជាតិ​ទាំងស្រុង និង​ជា​រូង​ធំ​បំផុត​ក្នុង​មួយ​ឆាកជីវិត​លោក ។​ពេល​លោក​ចាកចេញ​ពី​វា ត្រលប់​ទៅ​កន្លែង​រស់នៅ​របស់លោក​វិញ លោក​បាន​ភ្លេច​ពី​ផ្លូវ​ទៅកាន់​រូង​នេះ ព្រោះ​វា​ស្ថិតនៅ​ក្នុងព្រៃ​ដ៏​ជ្រៅ ដែល​ពិបាក​នឹង​ទៅដល់ ។​រយៈពេល​កន្លង​ហួស​អស់​១៨​ឆ្នាំ ក្រោយមក​ទើប​លោក​ប្រទះឃើញ​រូង​ក្រោម​ដី​នោះ​ជាថ្មី​ម្តងទៀត ។​លោក​ខា​ញ់ ជាមួយនឹង​លោក​ហូ​វើដ​និង​លោក ដេ​ប លីម​ប៊ឺ​ត ជា​ជនជាតិ​អង់គ្លេស​ដែល​មកពី​សមាគម​ស្រាវជ្រាវ​រូងភ្នំ​របស់​អង់គ្លេស បានចាប់ផ្តើម​ធ្វើការ​រុករក​ក្នុង​រូង​នេះ ដោយ​សម្រេច​ដាក់ឈ្មោះថា​ហាង​សុន​ឌុ​ង​នៅ​មួយឆ្នាំ​បន្ទាប់ ។​រូង​ប្រវែង​ជិត​៥​គីឡូម៉ែត្រ​នេះ​ជាទី​ជម្រក​របស់​សត្វ​ស្លាប​ជាច្រើន​ប្រភេទ និង​ស្វា​ផងដែរ ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​នៅមាន​គ្រាប់​ថ្មកំបោរ​ធម្មជាតិ​ជាច្រើន​ទៀត ដែលមាន​ទំហំ​ប៉ុន​កូន​បាល់ ។ ទស្សនីយភាព​ក្នុង​រូង​នេះ​នឹង​ធ្វើឱ្យ​អ្នកទស្សនា​ភ្លឹក​រហូត​ភ្លេច​ដកដង្ហើម​ដោយសារ​នៅ​ទីនោះ វា​មាន​ទន្លេ​ក្រោម​ដី​និង​ប្រព័ន្ធ​អាកាសធាតុ​មួយបែប ដែល​ខុសគ្នា​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​វា​ត្រូវបាន​គេ​ចាត់ទុកជា​ឋានសួគ៌​ដ៏​អាថ៌កំបាំង​នៃ​ឧទ្យាន​ជាតិ​ផុង ញ៉ា កេ បាង​។​ដើម្បី​រក្សា​ឱ្យបាន​នូវ​ធម្មជាតិ​ដ៏​អស្ចារ្យ​និង​ភាពស្រស់​បំព្រង​នៃ​រូង​ធម្មជាតិ ដែល​មាននៅ​ទីនោះ គេ​បើកទទួល​ស្វាគមន៍​អ្នកទេសចរ និង​អ្នក​ផ្សងព្រេង​ផ្សេងៗ​តែ​៥០០​នាក់​ប៉ុណ្ណោះ​ក្នុង​មួយឆ្នាំ ជាហេតុ​ធ្វើឱ្យ​តម្លៃ​ចូល​ទស្សនា​ទីនេះ​មានតម្លៃ​ថ្លៃ​ខ្លាំង ហើយ​មានតែ​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ប៉ុណ្ណោះ​ដែលមាន​សិទ្ធិ​នាំ​ភ្ញៀវ​ចូល​ទីនោះ​បាន​គឺ​ក្រុមហ៊ុន Oxalis ។​
​តម្លៃ​សំបុត្រ​ចូល​ទស្សនា​មានតម្លៃ​៣០០០​ដុល្លារ តែ​គេ​មិនបាន​បញ្ជាក់ថា មាន​កញ្ចប់​សេវា​អ្វីខ្លះ​ក្នុង​នោះទេ ។ នៅក្នុង​រយៈពេល​តែ​២០​ម៉ោង​ប៉ុណ្ណោះ នៃ​ការ​ដាក់លក់​សំបុត្រ​សម្រាប់​ឆ្នាំ​២០១៧​ខាងមុខនេះ​សំបុត្រ​ទាំងឡាយ​ត្រូវបាន​លក់ដាច់​គ្មាន​សល់ ដោយ​ចំណូល​នៃ​ការលក់​សំបុត្រ​នេះ គឺ​សម្រាប់​ផ្តល់​ប្រយោជន៍​ដល់​អ្នក​រស់នៅក្នុង​តំបន់ ក៏ដូចជា​ទុក​សម្រាប់​ការពារ​បរិស្ថាន​នៃ​ឋានសួគ៌​មួយ​នេះ​ជាដើម ។​



loading...